(បាងកក)៖ យោធាមីយ៉ាន់ម៉ាបានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសជាច្រើន នៅលើមូលដ្ឋានគ្រប់គ្រងដោយក្រុមឧទ្ទាម នៅក្បែរព្រំដែនថៃ ជាហេតុបង្ខំឱ្យមនុស្ស រាប់រយនាក់ទៀតភៀសខ្លួនចូលទៅក្នុងទឹកដីថៃ។ នេះបើតាមការបញ្ជាក់របស់ ក្រុមឧទ្ទាមមីយ៉ាន់ម៉ា ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។

បើតាមសម្ពន្ធជាតិការ៉ែន (KNU) ដែលជាកងកម្លាំងប្រដាប់អាវុធ ជនជាតិដើមភាគតិចក្នុងរដ្ឋ ការ៉ែន (Karen) យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាស យ៉ាងហោចណាស់ ២លើក និងបានបាញ់កាំភ្លើងធំលើតំបន់មួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន នៅក្បែរតំបន់ព្រំដែនរវាងមីយ៉ាន់ម៉ា និងថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែមកទល់នឹងពេលនេះ ខាងយោធាមីយ៉ាន់ម៉ា មិនទាន់ធ្វើអត្ថាប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំង KNU បានផ្ទុះឡើងកាលពីសប្ដាហ៍មុនមកម្ល៉េះ ហើយបើតាមក្រសួងការបរទេសថៃ មនុស្សច្រើនជាង ៤,២០០នាក់ រត់ភៀសខ្លួនចូលទៅក្នុងទឹកដីថៃ ចាប់តាំងពីមានជម្លោះនៅមីយ៉ាន់ម៉ាមក។ តែក្រុមអង្គការសង្គមស៊ីវិលមីយ៉ាន់ម៉ា បានឱ្យដឹងថា ប្រជាជនមីយ៉ាន់ម៉ាដែលរត់គេចចេញពីជម្លោះ មានរហូតដល់ទៅជាង ១០,០០០នាក់ឯណោះ៕