(អាល់ម៉ាធី)៖ កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយរុស្ស៊ីបានអះអាងថា ខ្លួននឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់កាហ្សាក់ស្ថាន ដើម្បីរក្សាឲ្យបាននូវស្ថិរភាព និងបានស្តីបន្ទោសក្រុមបាតុករ ដែលបាននិងកំពុងធ្វើឲ្យប្រទេស ធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀតមួយនេះ ធ្លាក់ចូលក្នុងភាពចលាចល ដោយសារតែការលូកដៃពីបរទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

ប្រទេសកាហ្សាក់ស្ថានដែលស្ថិតនៅតំបន់អាស៊ីកណ្តាល ជាច្រើនឆ្នាំមកនេះត្រូវបានគេមើលឃើញថា ជាប្រទេសអតីតសហភាពសូវៀត ដែលមានភាពស្ងប់សុខបំផុតមួយ។ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការមិនចុះសម្រុងគ្នាបានឈានដល់ថ្នាក់ផ្ទុះការតវ៉ា និងអំពើហិង្សា ដោយសារតែបញ្ហាសាំងឡើងថ្លៃ។

ក្រុមបាតុករបានចេញមកតវ៉ាតាមដងផ្លូវ នៅក្នុងទីក្រុង និងចូលលុកលុយអគាររដ្ឋាភិបាលកាហ្សាក់ស្ថាន ព្រមទាំងបានដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើនផងដែរ។ ខណៈដែលប្រទេសរុស្ស៊ី បានចោទថា បាតុករបានចេញមកតវ៉ាដោយកំហឹងបែបនេះ ព្រោះតែមានការដុតបញ្ឆេះពីបរទេសនោះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បានអំពាវនាវនៅថ្ងៃពុធសប្តាហ៍នេះ ឲ្យគ្រប់ភាគីទាំងអស់រក្សាការអត់ធ្មត់ និងងាកមកដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី។

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងអំពើហិង្សា និងភាពចលាចលនានា ប្រធានាធិបតីកាហ្សាក់ស្ថានលោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានស្នើទៅកាន់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយប្រទេសរុស្ស៊ី ហៅកាត់ថា CSTO ដែលមានសមាជិកសរុប ៦ប្រទេស (សុទ្ធតែជារដ្ឋធ្លាប់ស្ថិតក្រោមអតីតសហភាពសូវៀត) ដើម្បីទប់ស្កាត់នូវអ្វីដែលលោកហៅថា «ក្រុមភេរវករ» ដែលទទួលបានការហ្វឹកហ្វឺនពីបរទេស។

អង្គការ CSTO ដែលបច្ចុប្បន្នមានប្រធានាធិបតីប្រទេសអាមេនីជាប្រធាន បានប្រកាសតាមរយៈគណនីបណ្តាញសង្គម Facebook របស់ខ្លួនថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការនេះ នឹងបញ្ជូនទៅកាន់កាហ្សាក់ស្ថាន ទៅតាមពេលកំណត់ខាងមុខ ដើម្បីស្វែងរកស្ថិរភាព និងភាពប្រក្រតីជូនប្រទេសអាស៊ីកណ្តាលមួយនេះវិញ៕