(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ពិចារណារឹតបន្តឹងការធ្វើដំណើរ ទៅលើកងកម្លាំងយោធាអាមេរិក នៅលើទឹកដីប្រទេសជប៉ុន ដើម្បីជួយទប់ទល់នឹងការឆ្លងរាតត្បាតជំងឺ COVID-19 នៅក្នុងសហគមន៍ដែលនៅជុំវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

ការស្នើខាងលើនេះ ត្រូវបានផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បន្ទាប់ពីករណីឆ្លងជំងឺ COVID-19 បានផ្ទុះឡើងយ៉ាងគំហុកនៅខេត្តដីកោះ អូគីណាវ៉ា (Okinawa) ដែលត្រូវបានគេស្គាល់ថា ជាកន្លែងដែលមូលដ្ឋានយោធាសំខាន់បំផុត នៃសហរដ្ឋអាមេរិកតាំងនៅ ហើយវីរុសនេះក៏កំពុងឆ្លងរាតត្បាត ទៅកាន់សហគមន៍ជុំវិញនោះផងដែរ។

បើតាមសារព័ត៌មានក្នុងស្រុកជប៉ុន មន្ត្រីគ្រប់គ្រងខេត្ត Okinawa បានស្តីបន្ទោសទៅលើកងកម្លាំងយោធាអាមេរិក ដែលជាប្រភពដើមនៃការចម្លងវីរុស COVID-19 ទៅដល់សហគមន៍នៅជុំវិញមូលដ្ឋានទ័ពនោះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរខេត្ត Okinawa បានប្រកាសពីការរកឃើញករណីវិជ្ជមាន COVID-19 រហូតដល់ទៅ ៦២៣ករណី ឬស្មើនឹងចំនួន ៣ដង ច្រើនជាងតួលេខដែលបានចេញ កាលពីមួយថ្ងៃមុននោះទៀត។

គួរបញ្ជាក់ថា អាជ្ញាធរខេត្ត Okinawa បានដាក់ការស្នើទៅកាន់រដ្ឋាភិបាលទីក្រុងតូក្យូ ដើម្បីឲ្យបញ្ចេញនូវវិធានការរឹតបន្តឹងថ្មី ក្នុងន័យទប់ស្កាត់ករណីឆ្លងវីរុស COVID-19 យ៉ាងគំហុក ខណៈទីបញ្ជាការកងកម្លាំងយោធានៃសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសជប៉ុនបានថ្លែងថា ខ្លួនក៏កំពុងចាត់់វិធានការដ៏តឹងរ៉ឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ឲ្យបាននូវ ការឆ្លងរាតត្បាតវីរុសនេះផងដែរ។ សម្រាប់វិធានការជាក់ស្តែងពេលនេះ គឺយោធាអាមេរិកទាំងអស់ ត្រូវបានបង្គាប់ឲ្យពាក់ម៉ាសជានិច្ច នៅពេលចេញទៅក្រៅមូលដ្ឋានទ័ព និងត្រូវធ្វើតេស្តរក COVID-19 ជាកំហិត៕