(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ជំងឺ COVID-19 បន្ទាប់ពីករណីឆ្លងមានការកើនឡើង ដោយសារតែការរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

ការដំឡើងពីកម្រិតលេខ៣ ទៅកម្រិតលេខ៤ បែបនេះ គឺជាការបើកផ្លូវសម្រាប់ចំណាត់ការផ្សេងៗ ដែលអាចនឹងត្រូវដាក់ចេញតាមក្រោយ រួមមានដូចជា ការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់ និងការរឹតត្បិតលើការធ្វើដំណើរក្នុងស្រុក ឬការប្រមូលជួបជុំប្រមូលនៅតាមទីសាធារណៈ ជាដើម។

លោក គីតអាតទីភូម វង់រ៉ាជីត (Kiattiphum Wongrajit) មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃ បានថ្លែងដូច្នេះថា៖ «ថៃបានឈានដល់រលកឆ្លងរាលដាលថ្មី នៃ COVID-19 គឺករណីឆ្លងថ្មីៗនឹងកើនឡើង ក្នុងល្បឿនយ៉ាងឆាប់រហ័ស។ កម្រិតប្រកាសអាសន្នលេខ៤ មានន័យថាយើង អាចនឹងបិទខ្ទប់តំបន់ដែលប្រឈមហានិភ័យខ្ពស់ ហើយប្រកាសចេញនូវចំណាត់ការផ្សេងៗបន្ថែមទៀត»។ កម្រិតប្រកាសអាសន្នខ្ពស់បំផុតសម្រាប់ COVID-19 នៅក្នុងប្រទេសថៃ គឺលេខ៥។

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២២នេះ អត្រាករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅថៃ បានកើនឡើងយ៉ាងគំហុក។ នៅថ្ងៃព្រហស្បតិ៍នេះ ថៃបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ៥,៧៧៥នាក់ ដែលជាកំណើនជិត៥០ភាគរយ ធៀបនឹងថ្ងៃពុធកន្លងទៅ ហើយជាកំណើនស្ទើរទ្វេដង ធៀបនឹងតួលេខកាលពីថ្ងៃទី០១ ខែមករា។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៦.១២លានដូស ក្នុងនោះប្រជាជន ៤៦.៧លាននាក់ (៦៦.៧៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕