(តូក្យូ)៖ ជប៉ុននិងអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍នេះ បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការបានយ៉ាងជិតស្និទ្ធ ក្នុងវិស័យយោធា ដែលត្រូវគេមើលឃើញថា ជាការព្យាយាមពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ ឱ្យកាន់តែរឹងមាំថែមទៀត ក្រោមគោលដៅទប់ទល់ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានបើកកិច្ចប្រជុំមួយ នាថ្ងៃព្រហស្បតិ៍តាមប្រព័ន្ធអនឡាញ ដើម្បីចុះហត្ថលេខាជាស្ថាពរលើកិច្ចព្រមព្រៀងនោះ ដែលបានស្ថិតក្រោមការរៀបចំ អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ ជប៉ុននិងអូស្រ្តាលី ក៏ជាភាគីនៅក្នុងសម្ពន្ធភាពសន្តិសុខហៅថា ក្វាដ (Quad) ផងដែរ ដែលត្រូវបានបង្កើតឡើង ចំពោះមុខក្តីបារម្ភរបស់ពួកគេអំពី ការកើនឡើងនៃឥទ្ធិពលរបស់ចិន។

កិច្ចព្រមព្រៀងខាងលើ ដែលហៅកាត់ថា RAA នឹងអនុញ្ញាតឱ្យយោធាជប៉ុននិងអូស្រ្តាលី ធ្វើការងារជាមួយគ្នាយ៉ាងបានរលូន ពាក់ព័ន្ធទៅនឹង ប្រតិបត្តិការការពារជាតិ ក៏ដូចជាប្រតិបត្តិការមនុស្សធម៌។ កិច្ចព្រមព្រៀងការពារជាតិផ្សេងទៀតរបស់ជប៉ុន គឺមានតែជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះ។ វាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ ដែលអនុញ្ញាតឱ្យអាមេរិកអាចដាក់ពង្រាយនាវាចម្បាំង យន្តហោះចម្បាំង និងកងទ័ពរាប់ពាន់នាក់នៅលើទឹកដីជប៉ុនបាន។

គួរបញ្ជាក់ថា ដំបូងឡើយលោក គីស៉ីដា បានគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអូស្រ្តាលី នាថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែលោកបានសម្រេចចិត្តលុបចោលវិញ ដើម្បីងាកទៅផ្តោតសំខាន់លើ ការដោះស្រាយបញ្ហាឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលកំពុងមានសន្ទុះខ្លាំងឡើង នៅក្នុងប្រទេសជប៉ុន៕