(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស បាននិយាយថាវ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» នៅតែមានប្រសិទ្ធភាពខ្ពស់ការពារ មិនឱ្យមនុស្ស ជាពិសេសមនុស្សចាស់ធ្លាក់ខ្លួនឈឺធ្ងន់ដោយសារមេរោគបំប្លែងថ្មី Omicron។

២៖ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ម៉ាល់ខុម ធើនប៊ុល (Malcolm Turnbull) បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 នៅក្នុងថ្ងៃសៅរ៍នេះតែម្តង ខណៈប្រទេសអូស្ត្រាលីទាំងមូល កំពុងមើលឃើញការផ្ទុះករណីឆ្លងប្រចាំថ្ងៃយ៉ាងគំហុក បង្កឡើងដោយមេរោគបំប្លែងថ្មី Omicron។

៣៖ ប្រធានាធិបតីកាហ្សាក់ស្ថានលោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានថ្លែងនៅថ្ងៃសៅរ៍នេះថា នឹងគ្មានឡើយនូវកិច្ចសន្ទនា ជាមួយក្រុមភេរវករ ខណៈប្រទេសអាស៊ីកណ្តាលមួយនេះ បានជួបប្រទះការតវ៉ា និងអំពើហិង្សាជាប្រវត្តិសាស្ត្រ នៅសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២២ នេះតែម្តង។

៤៖ កងកម្លាំងយោធាសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ហៅកាត់ថា USFK បានបង្កើនកម្រិតការពាររបស់ខ្លួន ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតជំងឺ COVID-19 ខណៈចំនួនករណីឆ្លងរាតត្បាត បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។

៥៖ មនុស្ស ៩នាក់បានស្លាប់ និងរាប់រយនាក់ទៀតធ្លាក់ខ្លួនឈឺ ដោយសារជំងឺរាគរូស នៅក្នុងតំបន់មួយចំនួននៃប្រទេសហ្វីលីពីន ដែលបានរងគ្រោះដោយសារ ព្យុះទីហ្វុង កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ ខណៈប្រជាជនជាច្រើនកំពុងខ្វះខាតចំណីអាហារ និងទឹកស្អាតប្រើប្រាស់។

៦៖ អធិការបតីអូទ្រីសលោក ខាល ណេហេមម៉ឺ (Karl Nehammer) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ប៉ុន្តែលោកមិនមានចេញរោគសញ្ញាអ្វីឡើយ ហើយពេលនេះលោកកំពុងស្នាក់នៅ ដាច់់ដោយឡែកដើម្បីព្យាបាល៕