(អាល់ម៉ាធី)៖ អាជ្ញាធរនៅក្នុងប្រទេសកាហ្សាក់ស្ថាន បានចាប់ និងឃុំខ្លួនអតីតប្រមុខគណៈកម្មាធិការសន្តិសុខជាតិ លោក Karim Massimov ពីបទសង្ស័យ «ក្បត់ជាតិ»។ នេះបើតាមគណៈកម្មាធិការសន្តិសុខកាហ្សាក់ស្ថាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសៅរ៍នេះ គណៈកម្មាធិការសន្តិសុខកាហ្សាក់ស្ថានបានឱ្យដឹងថាលោក Massimov ដែលត្រូវបានបណ្ដេញចេញពី តំណែងនៅក្នុងសប្ដាហ៍នេះ នៅចំពោះមុខកុបកម្មតវ៉ាដ៏ហិង្សា ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន រួមជាមួយមន្ត្រីជាច្រើនរូបទៀត។ ប៉ុន្តែ គណៈកម្មាធិការមួយនេះមិនបាន បញ្ជាក់ព័ត៌មានលម្អិតអ្វីបន្ថែមលើសពីនេះនោះទេ។

គួរបញ្ជាក់ថា ភាពចលាចលបានកើតចេញពីការតវ៉ា ទៅលើបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ ដោយចាប់ផ្តើមពីទីក្រុងមួយចំនួនដូចជា ហ្សាណាអូហ្សិន (Zhanaozen) និងអាកតាវ (Aktau) រួចក៏រីកសាយភាយទៅជាកុបកម្មតវ៉ា ទៅកាន់ទីក្រុងផ្សេងៗទៀត រួមទាំងរដ្ឋធានី អាល់ម៉ាធី។

បើតាមរដ្ឋាភិបាលកាហ្សាក់ស្ថាន ការតវ៉ាតែប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិអស់ជាង ២០០លានដុល្លារអាមេរិក។ ដោយឡែក មនុស្សជាង ៤,២០០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះយ៉ាងហោចណាស់ ១០០នាក់ជាជនបរទេស។ កាលពីថ្ងៃសុក្រម្សិលមិញនេះ តួលេខពីរដ្ឋាភិបាលកាហ្សាក់ស្ថានបានបញ្ជាក់ថា កងកម្លាំងប៉ូលិស ១៨នាក់ និងមនុស្សរាប់សិបនាក់ទៀតបានស្លាប់ នៅក្នុងការតវ៉ា និងបង្ក្រាប៕