(ឡុងដ៍)៖ គិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ តួលេខផ្លូវការនៃអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅចក្រភពអង់គ្លេស បានកើនឡើងលើស ១៥០ ,០០០នាក់ហើយ ខណៈមកទល់បច្ចុប្បន្នមានប្រទេសចំនួន៧ប៉ុណ្ណោះ ដែលមានចំនួនអ្នកជំងឺស្លាប់លើសពីតួលេខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២២។

ទិន្នន័យរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសបានបង្ហាញថា កាលពីថ្ងៃសៅរ៍ម្សិលមិញ ករណីឆ្លង COVID-19 ថ្មីៗចំនួន ១៤៦,៣៩០នាក់ទៀត រួមជាមួយករណីស្លាប់ ៣១៣នាក់ ត្រូវបានរាយការណ៍ ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនដល់ ១៤.៣លាននាក់ និងករណីស្លាប់សរុបកើនដល់ ១៥០,០៥៧នាក់ ខណៈអត្រាករណីឆ្លងប្រចាំថ្ងៃនៅចក្រភពអង់គ្លេស កំពុងត្រូវបានជំរុញដោយវីរុសបំប្លែងថ្មី Omicron។

គួរបញ្ជាក់ថា ប្រការនេះធ្វើឱ្យចក្រភពអង់គ្លេស ក្លាយជាទី៧នៅលើពិភពលោក ដែលមានចំនួនអ្នកស្លាប់ដោយសារ COVID-19 លើសពី ១៥០,០០០នាក់ គឺក្រោយសហរដ្ឋអាមេរិក ប្រេស៉ីល ឥណ្ឌា រុស្ស៉ី ម៉ិចស៉ីកូ និងប៉េរូ៕