(អ៉ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោច ៤១នាក់បានស្លាប់ ស្របពេលដែលប្រទេសប៉ាគីស្ថាន កំពុងទទួលរងការធ្លាក់ភ្លៀង និងព្រិលខ្លាំងជាលើកដំបូង ក្នុងឆ្នាំថ្មី២០២២នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប៉ាគីស្ថាន បានឱ្យដឹងថា មនុស្សជាង៤០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀត បានទទួលរងរបួស ក្នុងឧប្បត្តិហេតុផ្សេងៗគ្នា ដែលពាក់ព័ន្ធជាមួយការធ្លាក់យ៉ាងជោគជាំ និងការធ្លាក់ព្រិលក្រោមអាកាសធាតុដ៏ត្រជាក់ គិតចាប់តាំងតាំងពីថ្ងៃសុក្រសប្តាហ៍នេះមក។

នៅឯតំបន់ មួរី (Murree) ភាគខាងជើងប្រទេស មនុស្សចំនួន២២នាក់ រួមមានទាំងក្មេងៗ៩នាក់ បានរងារហូតដល់ស្លាប់នៅក្នុងរថយន្ត ដែលជាប់គាំងដោយសារព្រិលធ្លាក់ ស្របពេលដែលទេសចររាប់ពាន់នាក់ បានសម្រុកទៅកាន់តំបន់រីសតនោះ។ ដោយឡែក មនុស្ស ៩នាក់បានស្លាប់ និង១០នាក់បានរងរបួស ក្នុងឧប្បត្តិហេតុផ្សេងៗ ទាក់ទងនឹងការធ្លាក់ភ្លៀងនិងព្រិល កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ សប្តាហ៍នេះ នៅឯខេត្តខាបើ ផាកទុងវ៉ា (Khyber Pakhtunkhwa) ដែលនៅភាគពាយព្យ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងក៏បានឆក់យកជីវិតមនុស្ស១១នាក់ ក្នុងខេត្ត ភុនចាប (Punjab ) នៅភាគខាងកើត និងក្នុងខេត្ត បាឡូជីស្ថាន (Balochistan) នៅភាគនិរតីផងដែរ ខណៈមនុស្សរាប់សិបនាក់ទៀត បានរងរបួស៕