(ស៊ីដនី)៖ ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទសប្តាហ៍ថ្មីនេះ បានមើលឃើញចំនួនករណីឆ្លងជំងឺ COVID-19 លោតចូលដល់ខ្ទង់ ១លានករណីហើយ ខណៈពាក់កណ្តាលនៃចំនួននេះ ត្រូវបានកត់ត្រាតែនៅក្នុងរយៈពេល មួយសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អូស្ត្រាលីមានករណីឆ្លង COVID-19 សរុប ១,០៣៥,៣០៦ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២,៣៨៧នាក់។ រយៈពេល ២៤ម៉ោងកន្លងទៅនេះ ករណីឆ្លងសរុបជាង ៥៥,០០០ករណីទៀតនៅរដ្ឋ ញូសោតវែលស៍ (New South Wales) និង វីតូរៀ (Victoria) ត្រូវបានបូកបញ្ចូល ខណៈដែនដីផ្សេងៗរបស់អូស្ត្រាលី នឹងធ្វើសេចក្តីរាយការណ៍ នៅពេលបន្តបន្ទាប់ ហើយចំនួនអ្នកឆ្លង COVID-19 សរុបនឹងអាចកើនជាងនេះទៀត។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានសម្រេចការចាក់វ៉ាក់សាំងបង្ការ COVID-19 បានប្រមាណ ៩២% ជូនដល់ប្រជាជនរបស់ខ្លួន ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណា វត្តមាននៃមេរោគបំប្លែងថ្មី Omicron បាននិងកំពុងធ្វើឲ្យអត្រាឆ្លង កើនឡើងយ៉ាងគំហុកជាទីបំផុត ដែលបាននិងកំពុងដាក់សម្ពាធដល់បណ្តាមន្ទីរពេទ្យ នៅទូទាំងប្រទេស ព្រមទាំងទៅលើចង្វាក់ផ្គត់ផ្គង់ទំនិញគ្រប់យ៉ាងផងដែរ។

ចាប់ពីថ្ងៃចន្ទ ទី១០ ខែមករានេះតទៅ អូស្ត្រាលីនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer ប្រមាណ ២.៣លានដូស ដើម្បីបង្ការជំងឺ COVID-19 ជូនដល់កុមារអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ចំពោះមុខបញ្ហាខ្វះខាតវ៉ាក់សាំង ដែលបានធ្វើឲ្យមានការរាំងស្ទះ ដល់យុទ្ធនាការចាក់នាពេលកន្លងមកនេះ៕