(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ណាហ្វថានី ប៊ែនណេត (Naftali Bennett) បានថ្លែងថា ប្រទេសរបស់លោកនឹងមើលឃើញយ៉ាងហោចណាស់ជិត ៤០% នៃចំនួនប្រជាជនសរុប ឆ្លងជំងឺ COVID-19 នៅក្នុងរលកបច្ចុប្បន្ននេះ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

លោក Naftali Bennett បានបង្ហោះសារលើគណនី Twitter របស់លោក កាលពីថ្ងៃអាទិត្យថា «ទិន្នន័យដែលត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានឲ្យឃើញថា អ៊ីស្រាអែលនឹងមើលឃើញចំនួនប្រជាជន ដែលឆ្លងជំងឺ COVID-19 ចាប់ពី ២ ទៅ ៣លាននាក់ (ជិត ៤០% នៃចំនួនប្រជាជនសរុប) នៅក្នុងរលកឆ្លងរាតត្បាតបច្ចុប្បន្ននេះ»

ទោះបីជាបានក្លាយជាប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ និងមានការទប់ស្កាត់ ការឆ្លងរាតត្បាត COVID-19 យ៉ាងល្អប្រសើរ រហូតឈានដល់ការបើកប្រទេសឡើងវិញក្តី ក៏មួយរយៈចុងក្រោយនេះ វីរុសបំប្លែងថ្មី Omicron បានធ្វើឲ្យអ៊ីស្រាអែល មើលឃើញចំនួនករណីឆ្លងយ៉ាងគំហុកបំផុត ខណៈនៅរយៈពេលពេញមួយថ្ងៃសៅរ៍សប្តាហ៍មុន អ្នកឆ្លង ១៧.៥១៨នាក់ទៀតត្រូវបានកត់ត្រា។

គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសអ៊ីស្រាអែលដែលមានប្រជាជនសរុប ៩.៤លាននាក់ មានករណីឆ្លងជំងឺ COVID-19 សរុបជាង ១.៥លានករណី ក្នុងនោះមានអ្នកស្លាប់សរុប ៨,២៦៩នាក់ និងជាសះស្បើយវិញជាង ១.៣៧លាននាក់៕