(ញូដេលី)៖ នៅថ្ងៃចន្ទនេះ អាជ្ញាធសុខាភិបាលនៅប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៧៩,៧២៣នាក់ រួមជាមួយអ្នកស្លាប់ ១៤៦នាក់ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

ករណីឆ្លងប្រចាំថ្ងៃក្នុងប្រទេសឥណ្ឌា បានកើនលើស ១០០,០០០នាក់ ជាលើកដំបូងឡើងវិញ ដោយគិតចាប់តាំងពីកំលុងដើមខែមិថុនា ឆ្នាំ២០២១ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ ហើយរយៈពេល៤ថ្ងៃជាប់ៗគ្នាមកនេះ វាបានបន្តកើនឡើងរហូត។ ចំណែកករណីឆ្លងវីរុសបំប្លែងថ្មី Omicron នៅក្នុងប្រទេសឥណ្ឌា ក៏មានការកើនឡើងដល់ ៤,០៣៣នាក់ផងដែរ ដែលត្រូវបានរាយការណ៍ នៅតាមរដ្ឋសរុបចំនួន២៣ ហើយក្នុងចំណោមនោះ រដ្ឋម៉ាហារ៉ាស្រ្តា (Maharashtra) មានច្រើនជាងគេគឺ ១,១២៦ករណី បន្ទាប់មកគឺតំបន់ដេលី (Delhi) ដែលមាន៥២៩ករណី។

គួរបញ្ជាក់ថា មកទល់ពេលនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៣៥.៧លាននាក់ និងស្លាប់ជិត ៤៨៤,០០០នាក់។ រីឯការចាក់វ៉ាក់សាំងវិញ ឥណ្ឌាសម្រេចបាន១៥១ពាន់លានដូស ក្នុងនោះប្រជាជន៤៥.៤ភាគរយ ក្នុងចំណោមប្រជាជនសរុបជាង១.៣ពាន់លាននាក់ ទទួលបានការចាក់គ្រប់ដូស។ នៅថ្ងៃចន្ទនេះ ឥណ្ឌាក៏ទើបតែបានចាប់ផ្តើម ការចាក់វ៉ាក់សាំងដូសជំរុញឱ្យ ក្រុមអ្នកបម្រើការជួរមុខ និងមនុស្សចាស់ងាយរងហានិភ័យផងដែរ៕