(ន័រស៊ុលតង់)៖ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រទេសលោកបានឆ្លងផុត សកម្មភាពដែលលោកចាត់ទុកថាជា ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវបានសម្របសម្រួលដោយកងកម្លាំងមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅល្ងាចថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

កំលុងកិច្ចប្រជុំអនឡាញមួយ នៃអង្គការសន្ធិសញ្ញាសន្តិសុខរួម CSTO ដែលដឹកនាំដោយប្រទេសរុស្ស៉ី លោក Tokayey បានថ្លែងប្រាប់ថា ច្បាប់ និងសណ្តាប់ធ្នាប់ត្រូវបានស្តារឡើងវិញហើយ នៅក្នុងប្រទេសកាហ្សាក់ស្ថាន ប៉ុន្តែប្រតិបត្តិការតាមប្រមាញ់ «ក្រុមភេរវករ» កំពុងតែបន្តប្រព្រឹត្តទៅនៅឡើយ។

លោកប្រធានាធិបតីកាហ្សាក់ស្ថានបានលើកឡើងថា គោលដៅចម្បងនៃចលនាបះបោរ ត្រូវបានបង្ហាញយ៉ាងច្បាស់ គឺការបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ, ការបំផ្លាញស្ថាប័នអភិបាលកិច្ច និងការដណ្តើមអំណាច ពោលគឺការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលធ្វើឡើងក្រោមការសម្របសម្រួលដោយកម្លាំងមួយ។

លោក Tokayey បានបន្តថា ប្រតិបត្តិការប្រឆាំងភេរវកម្មទ្រង់ទ្រាយធំ នឹងត្រូវបិទបញ្ចប់ទៅវិញក្នុងពេលឆាប់ៗ រួមជាមួយបេសកកម្មរបស់អង្គការ CSTO។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា ព្រឹត្តិការណ៍ដែលបានកើតឡើងនៅកាហ្សាក់ស្ថាន មិនមែនជាលើកទីមួយទេ ហើយក៏នឹងមិនមែនជាការប៉ុនប៉ងលើកចុងក្រោយដែរ ដើម្បីជ្រៀតជ្រែងកិច្ចការក្នុងតំបន់ ពីសំណាក់ភាគីខាងក្រៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការ CSTO បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ទៅកាន់ប្រទេសកាហ្សាក់ស្ថាន ជាទីដែលសកម្មភាពបាតុកម្ម និងកុបកម្មទ្រង់ទ្រាយធំបានផ្ទុះឡើង ជុំវិញការឡើងថ្លៃឥន្ធនៈ។ មនុស្សជាង ១៦០នាក់ បានបាត់បង់ជីវិត និងជិត ៨,០០០នាក់ទៀតត្រូវបានចាប់ខ្លួន កំលុងភាពចលនាចល៕