(វ៉ាស៊ីនតោន)៖ ប្រធានស្រាវជ្រាវមន្ទីរពិសោធន៍នៃក្រុមហ៊ុនឱសថអាមេរិក Merck លោក ឌីន លី (Dean Li) បានបង្ហាញក្ដីរំពឹងថាថ្នាំគ្រាប់ព្យាបាល COVID-19 នៃក្រុមហ៊ុនរបស់លោកនឹងមានប្រសិទ្ធភាពប្រឆាំងមេរោគបំប្លែងថ្មីអូមីក្រុង (Omicron) រួមទាំងមេរោគបំប្លែងថ្មីដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។

លោក Dean Li ធ្វើការកត់សម្គាល់បែបនេះនាឱកាសចូលរួមសន្និសីទសុខាភិបាលប្រចាំឆ្នាំរបស់ក្រុមហ៊ុន JP Morgan កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ថ្លែងនាឱកាស នោះ លោក Li បានបញ្ជាក់ដូច្នេះថា «យើងពិតជាមានទំនុកចិត្តខ្ពស់ថាថ្នាំ molnupiravir នឹងមានប្រសិទ្ធភាពប្រឆាំងអូមីក្រុង...ហើយខ្ញុំក៏រំពឹងថាវាក៏នឹងមាន ប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងថ្មីដទៃទៀតផងដែរ»

គួរបញ្ជាក់ថា ទិន្នន័យនៃថ្នាំគ្រាប់ព្យាបាល COVID-19 មានឈ្មោះថា molnupiravir រប ស់ក្រុមហ៊ុន Merck មិនទាន់មានជាផ្លូវការនៅឡើយទេ ប៉ុន្តែថ្នាំគ្រាប់នេះបាន បង្ហាញប្រសិទ្ធភាព ៣០ភាគរយ ក្នុងការកាត់បន្ថយអត្រាចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់ ដោយផ្អែកលើទិន្នន័យសិក្សាពីអ្នកជំងឺ ១,៤៣៣នាក់ ដែល ត្រូវបានចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២១។

ថ្នាំគ្រាប់ molnupiravir ទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក កាលខែធ្នូ ឆ្នាំ២០២១ រួមទាំងនៅតាមបណ្ដាប្រទេស ជាច្រើនទៀតដូចជា ចក្រភពអង់គ្លេស, ជប៉ុន និងឥណ្ឌាជាដើម៕