(ប៉េកាំង)៖ ទឹកស្អាត និងភ្នំបៃតង ជាកិច្ចការសំខាន់ណាស់ក្នុងចិត្តរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ ជាងដប់ឆ្នាំមុននេះ ពេលធ្វើការនៅខេត្ត Zhejiang លោកបានលើកឡើងនូវ ទស្សនៈប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ អំពីការអភិវឌ្ឍពោលគឺ ទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់។

បន្ទាប់ពីសមាជបក្សលើកទី ១៨ មក រាល់ពេលចុះត្រួតពិនិត្យការងារនៅមូលដ្ឋាន លោក Xi Jinping តែងតែពិនិត្យមើលពីអេកូឡូស៊ីដោយផ្ទាល់ ដែលជាចំណែកសំខាន់ក្នុងការងាររបស់លោក។ លោកធ្លាប់ទៅដល់តំបន់-ខេត្តចំនួន ៩ តាមបណ្តោយទន្លេលឿង បានបើកធ្វើកិច្ចប្រជុំពិសេសដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ តាមតំបន់ខ្សែក្រវាត់សេដ្ឋកិច្ចនៃទន្លេយ៉ង់សេ បានទៅដល់ជ្រលងភ្នំដាច់ស្រយាល Qinling ដើម្បីត្រួតពិនិត្យពីការការពារបរិស្ថានអេកូឡូស៊ី បានទៅដល់មាត់បឹង Qinghai ដើម្បីស្វែងយល់ពីការងារហាមនេសាទត្រី។ល។ នៅនិទាឃរដូវជារៀងរាល់ឆ្នាំ លោក Xi Jinping ចូលរួមសកម្មភាពដាំកូនឈើជាកាតព្វកិច្ច តាមពាក្យសន្យារបស់ខ្លួន ដើម្បីធ្វើជាគំរូឱ្យសង្គមចិនទាំងមូល ចូលរួមការពារបរិស្ថានអេកូឡូស៊ី។

រយៈពេល ៩ ឆ្នាំកន្លងមក ប្រទេសចិនបានបង្កើនកម្រិតការពារប្រព័ន្ធអេកូឡូស៊ី បានខិតខំជំរុញការអភិវឌ្ឍបៃតងនិងកាបូនទាប រហូតដល់បានរកឃើញមាគ៌ាអភិវឌ្ឍន៍អរិយធម៌ ដែលឧស្សហកម្មមានភាពរីកចម្រើន ជីវភាពធូរធារ ហើយអេកូឡូស៊ីល្អប្រសើរ។ ផែនការកសាងប្រទេសចិនស្រស់ស្អាត ដែលមានភ្នំបៃតង ទឹកទន្លេថ្លាឆ្វង់ ខ្យល់អាកាសបរិសុទ្ធកំពុងក្លាយទៅជាការពិត។

ខែមេសាឆ្នាំ២០១៣ លោក Xi Jinping ស្វែងយល់ពីបច្ចេកទេសដាំផ្កាកុលាប ជាមួយកសិករផ្កានៅខេត្ត Hainan។ លោកបានគូសបញ្ជាក់ថា អេកូឡូស៊ី និងឧស្សហកម្មជំរុញគ្នាទៅមក ជាវិធីសាស្ត្រកសាងស្រុកកំណើតដ៏ស្រស់ស្អាត។

ខែមេសា ឆ្នាំ២០១៥ លោក Xi Jinping ចូលរួមសកម្មភាពដាំកូនឈើជាកាត្វកិច្ច នៅរដ្ឋធានីប៉េកាំង។ ការកសាងប្រទេសជាតិស្រស់ស្អាត មិនអាចឃ្លាតឆ្ងាយពីការខិតខំរបស់មនុស្សម្នាក់ៗនោះទេ។

ខែមករា ឆ្នាំ២០១៦ លោក Xi Jinping បានបើកធ្វើកិច្ចប្រជុំអំពីការអភិវឌ្ឍតំបន់ខ្សែក្រវាត់សេដ្ឋកិច្ច តាមទន្លេយ៉ង់សេនៅទីក្រុង Chongqing ដោយបានលើកឡើងថា «រួមគ្នាការពារបរិស្ថានជាមួយគ្នា មិនអភិវឌ្ឍដោយហួសហេតុ»។ ប្រសាសន៍ខ្លីមែន តែធ្វើឱ្យមតិសាធារណៈចាប់អារម្មណ៍យ៉ាងខ្លាំង។

ខែមេសា ឆ្នាំ២០១៨ លោក Xi Jinping បានចុះត្រួតពិនិត្យទំនប់វារីអគ្គិសនី Sanxia បន្ទាប់មកលោកបានបើកធ្វើកិច្ចប្រជុំ អំពីការអភិវឌ្ឍតំបន់ខ្សែក្រវាត់សេដ្ឋកិច្ចតាមទន្លេយ៉ង់សេ ក្រោមប្រធានបទការពារទន្លេមាតា។

ខែសីហា ឆ្នាំ២០១៩ លោក Xi Jinping បានទៅសិក្សា និងស្វែងយល់ពីការគ្រប់គ្រងវាលខ្សាច់ តាមរយៈការដាំដើមឈើនៅខេត្ត Gansu។ ប្រជាជនចិនជាច្រើនជំនាន់បានបន្តវេនគ្នា ធ្វើកិច្ចខិតខំប្រឹងប្រែងប្រើដៃទាំងគូរបស់ខ្លួន កែប្រែវាលខ្សាច់ឱ្យក្លាយជាព្រៃបៃតង។

ខែកញ្ញា ឆ្នាំ២០១៩ លោក Xi Jinping អញ្ជើញទៅក្រុង Zhengzhou ខេត្ត Henan ដើម្បីស្វែងយល់ពីស្ថានការណ៍ទន្លេលឿង។ បន្ទាប់មក ប្រទេសចិនបានដាក់ចេញយុទ្ធសាស្ត្រជាតិ ស្តីពីការការពារអេកូឡូស៊ី និងការអភិវឌ្ឍដោយគុណភាពខ្ពស់ តាមបណ្តោយទន្លេលឿង។

ខែមករា ឆ្នាំ២០២០ លោកXi Jinping អញ្ជើញទៅខេត្ត Yunnan ដើម្បីស្វែងយល់ពីការងារអភិរក្សបឹង Dianchi។ លោកបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ដាច់ខាតមិនត្រូវបន្តដើរតាមវិធីចាស់ ដែលបំពុលរួចសឹមគ្រប់គ្រងនោះទេ។

ខែមេសា ឆ្នាំ២០២០ លោក Xi Jinping អញ្ជើញទៅដល់ខេត្ត Shhanxi ដើម្បីពិនិត្យ និងស្វែងយល់ពីការងារអភិរក្សតំបន់ភ្នំ Qinling។

ខែមេសា ឆ្នាំ ២០២១ នៅភូមិភាគស្វយ័ត Guangxi លោក Xi Jinping បានអញ្ជើញទៅដល់ទន្លេ Lijiang ដើម្បីស្វែងយល់ពីស្ថានការណ៍អភិរក្សបរិស្ថានតាមតំបន់ជុំវិញ។

ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping បានអញ្ជើញទៅដល់ភូមិ Gaoxigou ស្រុក Mizhi ខេត្ត Shhanxi ដើម្បីពិនិត្យការងារកសាងអរិយធម៌អេកូឡូស៊ី។ តំបន់ខ្ពង់រាបដីលឿងដែលអតីតកាលជាភ្នំត្រងិល ប្រឡាយទឹកកខ្វក់ពេញដោយដីភក់ បានក្លាយជាតំបន់ទេសចរណ៍ ដែលក្រាលពាសពេញដោយពណ៌បៃតង៕