(ម៉ិចស៉ីកូស៉ីធី)៖ ប្រធានាធិបតីម៉ិចស៉ីកូ លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រេឌ័រ (Andres Manuel Lopez Obrador) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា រូបលោកបានឆ្លងជំងឺ COVID-19 ជាលើកទីពីរ ប៉ុន្តែវាមានអាការៈស្រាល ហើយលោកនឹងបន្តបំពេញការងារ ក្រោមស្ថានភាពនៅដាច់ដោយឡែក រហូតទាល់តែលោកជាសះស្បើយវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។

លោក Obrador វ័យ៦៨ឆ្នាំ ធ្លាប់បានឆ្លងជំងឺ COVID-19 ម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ២០២១ ហើយកាលនោះ រោគសញ្ញាលោកក៏ មានស្ថានភាពស្រាលដូចគ្នាផងដែរ។ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំមុននេះ លោកទើបតែបានទទួលការចាក់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca ជាដូសជំរុញបន្ថែម។

គួរបញ្ជាក់ថា លោកប្រធានាធិបតីម៉ិចស៉ីកូ នឹងស្ថិតនៅដាច់ដោយឡែកពីគេឯង ហើយនឹងបំពេញតែការងារការិយាល័យ និងធ្វើការទាក់ទង តាមរយៈប្រព័ន្ធអនឡាញប៉ុណ្ណោះ រហូតទាល់តែលោកបានជាសះស្បើយពីជំងឺវិញ។ ហេតុដូចនេះ រដ្ឋមន្រ្តីមហាផ្ទៃ លោក អេដាន់ អ៊ូហ្កឺស្តូ ឡូប៉េស (Adan Augusto Lopez) នឹងជំនួសភារកិច្ចលោក Obrador ជាបណ្តោះអាសន្ន កំលុងការធ្វើសន្និសីទព័ត៌មានប្រចាំថ្ងៃ និងកំលុងកិច្ចការផ្លូវការដទៃទៀត៕