(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន នៅថ្ងៃអង្គារនេះបានរាយការណ៍ថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនលើស ៣លានករណីហើយ នៅចំពោះមុខការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២។

បើតាមក្រសួងសុខាភិបាលហ្វីលីពីន ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកើនដល់ ៣,០២៦,៤៧៣នាក់ បន្ទាប់ពីការប្រកាសពីការរកឃើញអ្នកឆ្លងប្រចាំថ្ងៃចំនួន ២៨,០០៧នាក់បន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បន្ថែមពីលើនេះ ក្នុងរយៈពេលដូចគ្នា អ្នកស្លាប់ដោយសារ COVID-19 ចំនួន ២១៩នាក់ក៏ត្រូវបានរាយការណ៍ផងដែរ ដែលធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៥២,៥១១នាក់។

គួរបញ្ជាក់ថា ហ្វីលីពីនបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតកាលពីថ្ងៃចន្ទ ដែលមានអ្នកឆ្លង ៣៣,១៦៩នាក់ ហើយក្រុមមន្ត្រីនៃ រដ្ឋាភិបាលលោក ឌូតើតេ បានបន្ទោសថាការកើនឡើងករណីឆ្លងនេះគឺដោយសារតែការអនុវត្តមិនបានល្អ តាមវិធានការសុខាភិបាល អំឡុងរដូវកាលឈប់សម្រាក កន្លងមកនេះ៕