(វ៉ាស៊ីនតោន)៖ សប្ដាហ៍នេះអាចនិយាយបានថានឹងក្លាយជាពេលវេលាមួយដ៏សំខាន់បំផុត នៃទំនាក់ទំនងរវាងអង្គការ NATO និងរុស្ស៊ី ចាប់តាំងពីការដួលរលំរបស់ សហភាពសូវៀត មក។ នៅថ្ងៃពុធសប្ដាហ៍នេះ អ្នកតំណាងមកពីអង្គការ NATO និងរុស្ស៊ី នឹងត្រូវជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែល ដើម្បីពិភាក្សាពីសកម្មភាពកងទ័ព រុស្ស៊ីនៅឯក្បែរតំបន់ព្រំដែនអ៊ុយក្រែន។

ក្រុមមន្ត្រីការទូតអាមេរិក និងរុស្ស៊ីក៏បានពិភាក្សាគ្នាពីវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន រួចហើយដែរក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាជម្រើសការទូត និងការបន្ធូរបន្ថយភាពតានតឹងគឺជាអ្វីដែលអាមេរិក និងសហគមន៍អន្តរជាតិ ចង់បាន ប៉ុន្តែនៅក្នុងជំនួបនោះដែរភាគីទាំង២ មិនទាន់អាចរកឃើញដំណោះស្រាយសម្រាប់វិបត្តិសព្វថ្ងៃនោះទេ។

បើតាមក្រុមមន្ត្រី NATO រុស្ស៊ីបានយល់ព្រមក្នុងការផ្ដល់សម្បទានដ៏ធំមួយ និងបង្ហាញសញ្ញាជាមុនថាកិច្ចចរចាតាមផ្លូវការទូតអាចនឹងនាំទៅរកការបន្ធូរបន្ថយ ភាពតានតឹង។ តែទោះជាបែបនេះក្ដី ពួកគេនៅតែព្រមានដដែលថា វិមានក្រឹមឡាំងនឹងមិនព្រមដកថយដោយងាយៗនោះទេ ដ្បិតអ្វីដែលទីក្រុងម៉ូស្គូ ចង់បាន មិនមែនត្រឹមតែកំញើញ NATO កុំឱ្យទទួលយកអ៊ុយក្រែនជាសមាជិករបស់ខ្លួននោះទេ។ តួយ៉ាង កាលពីខែធ្នូ ឆ្នាំ២០២១ ទីក្រុងម៉ូស្គូ បានបញ្ចេញសេចក្ដីពា្រង នៃកិច្ចព្រមព្រៀងមួយដែលគូសបញ្ជាក់ពីសំណើរបស់រុស្ស៊ី ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនអ៊ុយក្រែន។

នៅក្នុងសំណើទាំងនោះ ក្នុងនោះរួមមានការទាមទារឱ្យអង្គការ NATO បញ្ឈប់ការដាក់ពង្រាយ ឬដកកងទ័ព រួមទាំងសព្វាវុធចេញពីតំបន់អឺរ៉ុបខាងកើត ជាពិសេស ចេញពីបណ្ដាប្រទេសដែលមានព្រំដែនជាប់រុស្ស៊ីតែម្ដង ដែលនេះជាសំណើមួយដែល NATO មិនអាចទទួលយកបានឡើយ។ តាមពិតទៅរុស្ស៊ី ក៏ដឹងដែរថាសំណើបែបនេះនឹងត្រូវបានបដិសេធ ប៉ុន្តែហេតុអ្វីពួកគេនៅតែស្នើឡើង?

បើតាមក្រុមមន្ត្រី NATO សំណើរបស់រុស្ស៊ីគ្រាន់តែជាមធ្យោបាយមួយរបស់លោក ពូទីន ក្នុងការស្ដារប្រជាប្រិយភាពរបស់លោកនៅក្នុងប្រទេសឡើងវិញតែប៉ុណ្ណោះ ព្រោះថាតាមរយៈសំណើឱ្យ NATO បញ្ឈប់ការដាក់ពង្រាយ ឬដកកងទ័ព រួមទាំងសព្វាវុធចេញពីតំបន់អឺរ៉ុបខាងកើត វាជាការបង្ហាញថាលោកគិតគូពីសុខទុក្ខ និងសុវត្ថិភាពប្រជាជនរុស្ស៊ី។ ម្យ៉ាងវិញទៀត តាមរយៈសំណើនេះ លោក ពូទីន ក៏មានហេតុផលត្រឹមត្រូវមួយដែរក្នុងការបញ្ជាក់ថាបញ្ហា ឬវិបត្តិទាំងឡាយគឺបង្កឡើង ដោយ NATO។

គួរបញ្ជាក់ថា សំណុំរឿងអ៊ុយក្រែន ត្រូវបានក្រុមអ្នកជំនាញយល់ថាជាការធ្វើតេស្ដដ៏ធំមួយលើអង្គការ NATO និងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែល កំពុងប្រឈមមុខនឹងជម្រើសដ៏លំបាក។ ពោលគឺត្រូវការពារសម្ពន្ធមិត្តផង និងត្រូវចៀសវាងសង្រ្គាមជាមួយរុស្ស៊ីផង។ អង្គការ NATO និងសហរដ្ឋអាមេរិក បានធ្វើឱ្យ បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើតមានព្រំដែនជាប់រុស្ស៊ី បានបាត់បង់ទំនុកចិត្តមិនតិចនោះទេកាលពីឆ្នាំ២០១៤ ជាពេលដែលរុស្ស៊ីត្រូវបានគេចោទប្រកាន់ថា បានក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែន៕

ប្រភព៖ CNN (ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២១)