(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជាមួយការដាក់ពង្រាយរថក្រោះ និងកងទ័ពរាប់ពាន់នាក់នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដែល នេះទំនងជាសារព្រមានមួយ នៅមុនជំនួបជាមួយអង្គការ NATO ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

កងទ័ពរុស្ស៊ីជាង ៣,០០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតខាងលើ នៅក្នុងតំបន់ចំនួន៤ ស្ថិតនៅភាគនិរតីនៃប្រទេស ក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ សមយុទ្ធយោធានេះទៀតសោត កើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេស្កូវ (Dmitry Peskov) បាននិយាយថាវាជារឿងវិជ្ជមានដែល ជំនួបរវាងក្រុមមន្ត្រីអាមេរិក និងរុស្ស៊ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងទីក្រុងហ្សឺណែវ បានប្រព្រឹត្តទៅដោយបើកចំហ និងដោយផ្ទាល់។ ប៉ុន្តែលោកផ្ទាល់ថា មើលឃើញទាល់តែសោះនូវគំនិតសុទិដ្ឋិនិយម ដ្បិតខាងភាគីរុស្ស៊ីចង់បានលទ្ធផលភ្លាមៗ។

លោកបន្ថែមថាស្ថានភាពសព្វថ្ងៃនឹងបង្ហាញកាន់តែច្បាស់ បន្ទាប់ពីជំនួបរវាងរុស្ស៊ី និងអង្គការ NATO ក្នុងទីក្រុងព្រុចសែល នៅថ្ងៃពុធនេះព្រមទាំងជំនួបជាមួយ អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) ក្នុងទីក្រុងវីយ្យែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាខាងលើរបស់រុស្ស៊ី ត្រូវបានក្រុមមន្ត្រីអឺរ៉ុបបកស្រាយថារុស្ស៊ី មិនមានចេតនាពិតប្រាកដ ក្នុងការបន្ធូរបន្ថយភាពតានតឹងយោធា ជាមួយប្លុកលោកខាងលិចនោះទេ ស្របពេលរុស្ស៊ី និងអាមេរិក ហាក់ដូចជាបានទាមទារ និងដាក់សំណើដែលមើលទៅមិនអាចទៅរួចលើគ្នាទៅវិញទៅមក ក្នុងនោះ រួមមានទាំងការស្នើឱ្យ NATO បញ្ឈប់ការបង្កើនវត្តមានយោធាក្នុងតំបន់អឺរ៉ុបជាដើម៕