(ធានជីន)៖ ទីក្រុងកំពង់ផែ ធានជីន (Tianjin) ភាគឦសានប្រទេសចិន ដែលមានប្រជាជនរស់នៅរហូតដល់ ១៤លាននាក់ បានចាប់ផ្តើមធ្វើតេស្តរក COVID-19 បន្ថែមទៀតចាប់ពីព្រឹកថ្ងៃពុធនេះ ដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មី អូមីក្រុង (Omicron) ខណៈករណីឆ្លង COVID-19 ទូទាំងប្រទេសសរុប ២២១ករណីទៀត ទើបតែត្រូវបានប្រកាសចេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នារសៀលថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

សម្រាប់នៅទីក្រុង ធានជីន អាជ្ញាធរសុខាភិបាលបានប្រកាសពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ដែលមានចេញរោគសញ្ញាចំនួន ៣៣ករណីបន្ថែមទៀត កាលពីថ្ងៃអង្គារ ខណៈកាលពីថ្ងៃចន្ទមុននោះទៀត គេបានរកឃើញសរុបតែ ១០ករណីប៉ុណ្ណោះ។ នៅថ្ងៃពុធនេះ បុគ្គលិកបម្រើការងារតាមក្រុមហ៊ុន និងស្ថាប័ននានា ត្រូវបានអនុញ្ញាតឲ្យសម្រាកការងារកន្លះថ្ងៃ ដើម្បីទៅបំពេញកាតព្វកិច្ចធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំសម្រាប់ជុំវិញទី ២។

ដោយឡែកនៅទីក្រុង អានយ៉ាង (Anyang) ស្ថិតនៅភាគកណ្តាលប្រទេសចិនវិញ ដែលជាទីកន្លែងអាជ្ញាធរបានរកឃើញវត្តមានវីរុស Omicron នៅក្នុងសហគមន៍ជាលើកដំបូងនោះ ករណីឆ្លងជំងឺ COVID-19 ដោយមានចេញរោគសញ្ញាចំនួន ៦៥ករណីទៀត ត្រូវបានកត់ត្រាសម្រាប់ថ្ងៃអង្គារ ខណៈកាលពីថ្ងៃចន្ទ គេបានរកឃើញតែ ២ករណីប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការផ្ទុះករណីឆ្លងជំងឺ COVID-19 នៅក្នុងទីក្រុង Tianjin និង Anyang ហាក់មានសភាពស្រាលនៅឡើយទេ បើធៀបនឹងតំបន់ផ្សេងៗទៀត នៅក្នុងប្រទេសចិន គិតចាប់ពីចុងឆ្នាំ២០២១មក។ យ៉ាងណាក៏ដោយ ការកំណត់រកករណីឆ្លង Omicron នៅតែមិនទាន់មានភាពច្បាស់លាស់នោះឡើយ។ គិតត្រឹមពេលនេះ ចិនមានករណីឆ្លងជំងឺ COVID-19 សរុប ១០៤,១៨៩ករណី ក្នុងនោះស្លាប់សរុប ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៩៦,០៧៧នាក់៕