(ព្រុចសែល)៖ កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO និងប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធនេះហើយ ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា ជុំវិញស្ថានការណ៍ដ៏តានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

កិច្ចប្រជុំដែលសម្របសម្រួលដោយ ប្រធានអង្គការ NATO លោក ជែនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) ខាងលើនេះ បានកើតមានឡើងនៅអំលុងពេល ១សប្តាហ៍ នៃការជំរុញល្បឿនដោះស្រាយបញ្ហានានា តាមរយៈការទូត រៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់នូវអ្វី ដែលមហាអំណាចលោកលិចនេះជឿជាក់ថា ប្រទេសរុស្ស៊ីកំពុងតែត្រៀមកម្លាំង នៅក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន។

ទោះបីជារុស្ស៊ីបានប្រកែកជាច្រើនដង ចំពោះការចោទប្រកាន់ទាំងនេះមែន តែប្រវត្តិសាស្ត្រនៃការប្រើកម្លាំងយោធាលើអ៊ុយក្រែន កាលពីឆ្នាំ២០១៤ និងហ្សកហ្ស៊ី (Georgia) កាលពីឆ្នាំ២០០៨ នៅតែធ្វើឲ្យ NATO ចងចាំមិនភ្លេចនោះឡើយ។

គួរបញ្ជាក់ថា សម្រាប់ភាគីរុស្ស៊ី ប្រតិភូដែលចូលរួមកិច្ចប្រជុំខាងលើនេះ ដឹកនាំដោយលោកអនុរដ្ឋមន្ត្រីការបរទេស អាឡិចហ្សានដឺ ហ្គ្រូសកូ (Alexander Grushko) និងលោកអនុរដ្ឋមន្ត្រីការពារជាតិ អាឡិចហ្សានដឺ ហ្វូមីន (Alexander Fomin)។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិកវិញ លោកស្រីអនុរដ្ឋមន្ត្រីការបរទេស វិនឌី ហ្សឺមែន (Wendy Sherman) គឺជាអ្នកចូលក្នុងកិច្ចប្រជុំ ដែលបាននិងកំពុងប្រព្រឹត្តទៅ នៅឯទីស្នាក់ការកណ្តាល NATO ស្ថិតក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកក្នុងថ្ងៃពុធនេះ (ម៉ោងនៅព្រុចសែល)៕