(ឡុងដ៍)៖ ភា្លមៗក្រោយមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង ត្រូវបានកំណត់អត្តសញ្ញាណដំបូងគេនៅក្នុងប្រទេសបុតស្វាណា និងអាហ្វ្រិកខាងត្បូង សំណួរសំខាន់ ២ត្រូវបានគេចោទសួរ នោះថាតើវាឆ្លងលឿនរហ័សជាង ឬមានភាពកាចសាហាវ ឬក៏ស្លូតជាងមេរោគបំប្លែងថ្មីដទៃ ដែរឬក៏យ៉ាងណា?

ចម្លើយមួយដែលគេអាចឆ្លើយបានជាក់លាក់ ទៅនឹងសំណួរទាំង២ខាងលើ នោះគឺអូមីក្រុងឆ្លងលឿនរហ័សជាងមេរោគបំប្លែងថ្មី ដែលកំពុងចរាចរណ៍ស្រាប់ ក្នុងពេល បច្ចុប្បន្ន។ ប៉ុន្តែ មកទល់នឹងពេលនេះ មិនទាន់មានចម្លើយប្រាកដប្រជាថាមេរោគបំប្លែងថ្មីនេះពិតជាស្លូតជាងគេនៅឡើយទេ។

ទិន្នន័យបឋមនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង (ដែលកំពុងរង់ចាំការពិនិត្យឡើងវិញ) បានបង្ហាញថាចំនួនអ្នកឆ្លងអូមីក្រុង ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
មានចំនួនតិច បើធៀបទៅនឹងមេរោគបំប្លែងថ្មីដទៃ ជាពិសេសគឺ Delta។ ទិន្នន័យនេះដដែលក៏បានបង្ហាញដែរថា ទោះជាត្រូវគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ពិតមែន ប៉ុន្តែអ្នកជំងឺអូមីក្រុង ក៏មិនចាំបាច់ពាក់ឧបករណ៍ជំនួយការដង្ហើម ឬអុកស៊ីសែន ឬត្រូវគេងបន្ទប់សង្រ្គោះបន្ទាន់ ហើយក៏មិនប្រឈមមុខនឹងអត្រាស្លាប់ខ្ពស់ នោះដែរ។

តែទោះជាបែបនេះក្ដី បើធៀបទៅនឹងប្រទេសមួយចំនួនធំនៅលើពិភពលោក អាហ្វ្រិកខាងត្បូងគឺជាប្រទេសមួយដែលសម្បូរប្រជាជនវ័យក្មេង។ ត្រង់នេះមានន័យថា ចំនួនមនុស្សចាស់តិចតួច ដែលត្រូវបានគេចាត់ទុកថាជាជនងាយរងគ្រោះ វាអាចជាផ្នែកមួយនៃការបិទបាំងសមត្ថភាពពិតប្រាកដរបស់អូមីក្រុង ឬក៏ពិបាកបញ្ជាក់ឱ្យ ច្បាស់ថាវាពិតជាកាចសាហាវមែន ដែរឬទេ? អ្វីដែលគេអាចកំណត់បានគ្រាន់តែជាទិន្នន័យបឋមមួយប៉ុណ្ណោះ។

តួយ៉ាង បើតាមទិន្នន័យពីបណ្ដាប្រទេសអឺរ៉ុប ក្នុងនោះរួមទាំងចក្រភពអង់គ្លេសជាពិសេស អូមីក្រុងមិនសូវជាបង្កគ្រោះថ្នាក់ខ្លាំង ឬធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ឡើយ ធៀបទៅនឹងមេរោគបំប្លែងថ្មីដទៃ ដោយករណីអ្នកឆ្លងអូមីក្រុង ត្រូវគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានត្រឹមតែ១ភាគ៣ ធៀបទៅនឹង Delta។ ម្យ៉ាងវិញទៀត ការសិក្សាបឋមរបស់អ្នកវិទ្យាសាស្ត្រក្នុងចក្រភពអង់គ្លេស ថែមទាំងបានរកឃើញដែរថាអូមីក្រុងឆ្លងកាត់ការបំប្លែងខ្លួនតិចតួច នៅផ្នែកជាច្រើននៃមេរោគដែលជា គោលដៅរបស់កោសិកា T ដែលនេះអាចពន្យល់បានថាតើហេតុអ្វីបានបរាមាណវីរុសរបស់អូមីក្រុងមានកម្រិតទាប។

នៅក្នុងចក្រភពអង់គ្លេស ជាឧទាហរណ៍ មានរហូតដល់ទៅ ៩៥ភាគរយ នៃប្រជាជនពេញវ័យមានប្រព័ន្ធភាពសុំាតាមរយៈការចាក់វ៉ាក់សាំង ឬធ្លាប់ឆ្លង COVID-19 ម្ដងរួចមកហើយ។ ម្លោះហើយ អូមីក្រុងមិនសូវបង្កគ្រោះថ្នាក់ គឺមានមួយផ្នែកដោយសារតែការចាក់វ៉ាក់សាំង ដែលត្រូវបានក្រុមអ្នកជំនាញភាគច្រើនជឿជាក់ថានៅតែ មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងថ្មី រួមទាំងអូមីក្រុងផងដែរ។

ប៉ុន្តែនេះមិនមែនមានន័យថា អូមីក្រុងមិនបង្កការគំរាមកំហែងនោះឡើយ ស្របពេលបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងមើលឃើញការកើនឡើងករណី ឆ្លងប្រចាំថ្ងៃយ៉ាងគំហុក បង្កឡើងដោយអូមីក្រុង។ ផលប៉ះពាល់បង្កឡើងដោយអូមីក្រុង លើប្រព័ន្ធសុខាភិបាលសាធារណៈ គឺវានឹងអាស្រ័យទៅលើថាតើនឹងមាន មនុស្សប៉ុន្មាននាក់ឆ្លងមេរោគបំប្លែងថ្មីមួយនេះ។

ពីព្រោះថាការឆ្លងរាលដាលយ៉ាងឆាប់រហ័សរបស់អូមីក្រុង វាគង់តែនឹងឱ្យយើងបានឃើញមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ បើទោះជាអ្នកឆ្លងមេរោគបំប្លែងថ្មីនេះដែលធ្លាក់ខ្លួន ឈឺធ្ងន់នៅមានកម្រិតទាបក៏ដោយ។ បើសិនជា មិនអាចកាត់ផ្ដាច់ការឆ្លង COVID-19 ទេនោះ ឬក៏មនុស្សកាន់តែច្រើននៅតែឆ្លងជំងឺនេះ នោះចង់ ឬមិនចង់ វាអាចនឹង លេចឡើងនូវមេរោគបំប្លែងថ្មីបន្ថែមទៀតនៅពេលអនាគត៕

ប្រភព៖ CNA (ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២១)