(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺនៅសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានព្រមានធ្ងន់ៗតែម្តងថា មនុស្សស្ទើរតែគ្រប់គ្នានៅក្នុងប្រទេសនេះ នឹងត្រូវប្រឈមមុខការឆ្លងវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងដូសពេញលេញ និងដូសជំរុញរួចហើយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២១។

លោក Anthony Fauci បានធ្វើការព្រមានដូចខាងលើ នៅពេលចូលរួមក្នុងវេទិកាជជែកដេញដោលរបស់ មជ្ឈមណ្ឌលសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រមួយនៅសហរដ្ឋអាមេរិក។ អ្នកជំនាញកំពូលរូបនេះ បានសង្កត់ធ្ងន់ថា «អូមីក្រុង ជាមួយនិងឥទ្ធិពលនៃការចម្លង ប្រកបដោយប្រសិទ្ធភាពខ្ពស់របស់វានោះ នឹងធ្វើឲ្យមនុស្សស្ទើរគ្រប់គ្នា (នៅទូទាំងសហរដ្ឋអាមេរិក) ត្រូវប្រឈមមុខនឹងការឆ្លង...»

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា «អ្នកដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ និងចាក់ដូសជំរុញនោះ នឹងនៅតែអាចឆ្លង (វីរុសអូមីក្រុង)... តែក្នុងចំនួនខ្លះៗប៉ុណ្ណោះ មិនមែនភាគច្រើននោះឡើយ... ពួកគេខ្លះនៅតែអាចឆ្លង ប៉ុន្តែនឹងអាចទប់ទល់វីរុសនេះបាន ដោយមិនឈានដល់ថ្នាក់ចូលសម្រាកមន្ទីរពេទ្យ និងបាត់បង់ជីវិតនោះឡើយ (សម្រាប់អ្នកដែលចាក់វ៉ាក់សាំង និងដូសជំរុញរួច)»

គួរបញ្ជាក់ថា ការព្រមានរបស់លោក Anthony Fauci បានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានប្រជាជនសរុបជាង ៣៣០លាននាក់ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 រហូតដល់ទៅ «១.១៣លាននាក់» នៅក្នុងរយៈពេលតែមួយថ្ងៃ ដែលជាអត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ ទាំងនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងទូទាំងពិភពលោក៕