(បរទេស)៖ ឆ្នាំ២០១៨ តុលាការសិទ្ធិមនុស្សនៃទ្វីបអឺរ៉ុបបានសម្រេចថា ការដែលរដ្ឋាភិបាលប្រទេសលីទុយអានី អនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ចាប់ឃុំលោក Abu Zubaydah ជនប៉ាឡើស្ទីនដាក់ក្នុង «គុកខ្មៅ» នៅលីទុយអានី បានល្មើសនឹងច្បាប់របស់អឺរ៉ុប ស្តីពីហាមឃាត់មិនឱ្យប្រើប្រាស់ទារុណកម្ម ហើយតម្រូវឱ្យរដ្ឋាភិបាលលីទុយអានីសងប្រាក់ ១០ម៉ឺនអឺរ៉ូឱ្យលោក Abu Zubaydah។ បន្ទាប់ពីអូសបន្លាយបីឆ្នាំមក នាពេលថ្មីៗនេះ រដ្ឋាភិបាលលីទុយអានីបានប្រកាសថា នឹងសងប្រាក់សំណងនេះ។ ការដែលសងប្រាក់សំណងនេះមានន័យថា រដ្ឋាភិបាលលីទុយអានីបានទទួលស្គាល់ពី ទង្វើរំលោភបំពានសិទ្ធិមនុស្សរបស់ខ្លួន ដែលទទួលបញ្ជាពីអាមេរិក ហើយក៏បានបង្ហាញពីផ្នែកមួយ ក្នុងបណ្តាញគុកខ្មៅនៅបរទេសរបស់អាមេរិកផងដែរ។

អ្នកវិភាគជាច្រើនបានវិភាគថា រដ្ឋាភិបាលលីទុយអានីសងថ្លៃសំណងលើកនេះ គឺទទួលបានការយល់ព្រមពីអាមេរិក។ ដោយមកពីបានរងសម្ពាធពីមជ្ឈដ្ឋានមតិអន្តរជាតិ គឺច្បាស់ណាស់ថា អាមេរិកក៏ចង់បញ្ចប់រឿងនេះឱ្យបានឆាប់រហ័ស។ តាមពិត ប្រាក់សំណងចំនួន ១០ម៉ឺនអឺរ៉ូ មិនដល់ ១ភាគ១ម៉ឺន នៃបំណុលសិទ្ធិមនុស្សរបស់អាមេរិកនោះទេ។

ក្នុងពន្ធនាគារ Guantanamo អ្នកទោសដែលធ្លាប់មានប្រវត្តិប្រហាក់ប្រហែលគ្នានឹងលោក Zubaydah គឺមិនតិចទេ។ យោងតាមស្ថិតិរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា នៅឆ្នាំ២០០៣ ក្នុងពន្ធនាគារ Guantanamo បានដាក់អ្នកទោសចំនួន ៧០០នាក់ គិតរហូតដល់បច្ចុប្បន្ននេះ នៅតែមានអ្នកជាប់ឃុំចំនួន ៣៩នាក់នៅឡើយ។ ក្នុងពន្ធនាគារ Guantanamo អ្នកសួរចម្លើយរបស់អាមេរិកអាចធ្វើតាមទំនើងចិត្ត បានបកនូវរបាំងមុខក្លែងក្លាយអ្វីដែលហៅថា «អ្នកគាំពារសិទិ្ធមនុស្ស»។ ដូច្នេះ អ្នកជំនាញសិទ្ធិមនុស្សទាំងឡាយរបស់អង្គការសហប្រជាជាតិ បានដាក់ឈ្មោះឱ្យពន្ធនាគារ Guantanamo ថា «ទំព័រដ៏អាក្រក់ដែលបំពានសិទ្ធិមនុស្សយ៉ាងគឃ្លើន» របស់អាមេរិក។

កាន់តែគួរឱ្យខ្លាចនោះគឺក្នុងរយៈពេល ២០ឆ្នាំដែលលោក Zubaydah បានជាប់ឃុំខ្លួន អ្វីដែលហៅថា សង្គ្រាម «ប្រឆាំងភេរវកម្ម» របស់អាមេរិក បាននាំមកនូវគ្រោះមហន្តរាយដ៏ធំសម្បើមដល់ពិភពលោក។ «កាសែត ញូវយ៉ក ថាមស៍» បានលើកឡើងថា ការធ្វើទារុណកម្ម និងធ្វើឃាតកម្មដោយបញ្ជាពីយន្តហោះគ្មានមនុស្សបើក ការធ្វើសង្គ្រាមដោយផ្តេសផ្តាសនិងទង្វើហួសហេតុ ធ្វើឱ្យអាមេរិកបានបំបាត់បង់ឥទ្ធានុភាពសីលធម៌ នៅបណ្តាតំបន់នានាលើពិភពលោក។

ជាប់បំណុលសិទ្ធិមនុស្សយ៉ាងច្រើនសន្ធឹកបែបនេះហើយ ម៉េចក៏អាមេរិកនៅតែមានមុខមាត់អួតអាង ថាខ្លួនជា «អ្នកគាំពារសិទ្ធិមនុស្ស» និង «ប៉មសេរីភាព» ទៀត រហូតដល់ឆ្ការដៃឆ្ការជើងចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងញុះញង់បង្កភាពចលាចលនៅគ្រប់ទីកន្លែង? ការពិតជាក់ស្តែងបានបញ្ជាក់ថា ក្នុងវចនានុក្រមរបស់ពួកគេ គ្មានពាក្យមនុស្សធម៌ទាល់តែសោះ មានតែផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយ និងឧបាយកលគ្រប់បែបយ៉ាង។ អាមេរិកចាំបាច់ត្រូវបិទទ្វារ «ពន្ធនាគារខ្មៅនៅបរទេស» ទាំងនោះភ្លាម និងធ្វើការស៊ើបអង្កេតចំពោះទង្វើធ្វើបាបចំពោះអ្នកទោស ក្នុងន័យផ្តល់ចម្លើយមួយទៅឱ្យសហគមន៍អន្តរជាតិ!៕ (#CCFR Comment#)