(វ៉ាស៉ីនតោន)៖ ទីក្រុងវ៉ាស៉ីនតោនបានរិះគន់ចំពោះ ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការលុបចោលនូវជើងហោះហើរកាន់តែច្រើនឡើងៗ ដែលមានគោលដៅពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដោយសារតែអ្នកដំណើរជាបន្តបន្ទាប់ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានចំពោះ COVID-19 ហើយអាមេរិកបានព្រមានថា ខ្លួនអាចនឹងធ្វើសកម្មភាពដើម្បីឆ្លើយតបទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

អ្នកនាំពាក្យមួយរូបនៃក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា «សកម្មភាពរបស់ភាគីចិន គឺមិនសមស្របទៅតាមកាតព្វកិច្ច ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងវិស័យដឹកជញ្ជូនផ្លូវអាកាស រវាងសហរដ្ឋអាមេរិកនិងចិនឡើយ។ ពួកយើងកំពុងតែទាក់ទងជាមួយរដ្ឋាភិបាលជុំវិញបញ្ហានេះ ហើយយើងមានសិទ្ធិដើម្បីចាត់វិធានការឆ្លើយតបទៅវិញតាមការគួរ»

កាលពីថ្ងៃពុធសប្តាហ៍នេះ ចិនបានបង្គាប់ឱ្យផ្អាកជើងហោះហើរពីអាមេរិកទៅចិនចំនួន ៦បន្ថែមទៀត សម្រាប់រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ក្រោយពីអ្នកដំណើរកាន់តែច្រើនឡើង បានធ្វើតេស្តវិជ្ជមាន COVID-19។ សរុបមក ចំនួននៃការលុបចោលជើងហោះហើររវាងអាមេរិក-ចិននៅឆ្នាំនេះ គឺបានកើនដល់៧០ជើង នៅលើកាលវិភាគ ដែលបានកាត់បន្ថយយ៉ាងខ្លាំងរួចទៅហើយ។

គួរបញ្ជាក់ថា ការដែលចិនសម្រេចផ្អាកជើងហោះហើរកាន់តែច្រើនឡើងពីសហរដ្ឋអាមេរិកបែបនេះ គឺចំពេលដែលសហរដ្ឋអាមេរិក កំពុងរងការរាតត្បាតដោយវីរុស COVID-19 បំប្លែងថ្មី Omicron ដែលធ្វើឱ្យអាមេរិកមើលឃើញ ករណីឆ្លងថ្មីៗគិតជាមធ្យម រាប់សិបម៉ឺននាក់ក្នុងមួយថ្ងៃ៕