(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីល ជាថ្មីម្តងទៀតហើយនៅថ្ងៃសុក្រនេះ ប៉ុន្តែគេនៅមិនទាន់អាចកំណត់ អំពីប្រភេទរបស់វាបាននៅឡើយទេ ខណៈនេះជាលើកទី ៣ ក្នុងរយៈពេលមួយសប្តាហ៍ ដែលកូរ៉េខាងជើងបានធ្វើតេស្តអាវុធមីស៊ីល ដោយកាលពី ២លើកមុន គឺជាប្រភេទគ្រាប់មីស៊ីលហោះលឿនជាងល្បឿនសំឡេង។ នេះបើតាមប្រភពពីយោធាកូរ៉េខាងត្បូង ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

យោធាកូរ៉េខាងត្បូងបានអះអាង នៅរសៀលថ្ងៃសុក្រនេះថា គ្រាប់មីស៊ីលមួយគ្រាប់ទៀត ត្រូវបានបាញ់ចេញពីតំបន់ភាគខាងកើត នៃប្រទេសកូរ៉េខាងជើង ខណៈក្រុមជំនាញកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងកំណត់អំពីប្រភេទនៃមីស៊ីល ដែលត្រូវបានបាញ់លើកទី ៣ នេះ។ កាលពីការធ្វើតេស្ត មីស៊ីលពីរលើកមុន ក្រុមប្រទេសសម្ព័ន្ធមិត្តអាមេរិក សុទ្ធតែបានអះអាងថា ជាប្រភេទមីស៊ីលបាលីស្ទីក (មីស៊ីលផ្លោងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) ប៉ុន្តែក្រោយការធ្វើតេស្តនោះ ទីក្រុងព្យុងយ៉ាងបានអះអាងថា ពួកវាជាប្រភេទមីស៊ីលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile)។

គួរបញ្ជាក់ថា ការធ្វើតេស្តលើកចុងក្រោយនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាងកាលពីព្រឹកថ្ងៃសុក្រនេះ បានព្រមានទៅកាន់សហរដ្ឋអាមេរិកថា ខ្លួននឹងចាត់វិធានការតបតវិញយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត ចំពោះការដាក់ទណ្ឌកម្មនោះ។ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៦នាក់ (ពីដំបូងឡើយមានការអះអាងថា តែ ៥នាក់ប៉ុណ្ណោះ) ដែលសុទ្ធសឹងតែមានជាប់ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍគ្រាប់មីស៊ីល និងអាវុធប្រល័យលោក នៅប្រទេសកូរ៉េខាងជើង៕