(ឡាក់ណាវ)៖ ក្រុមអ្នកប្រតិបត្តិសាសនាហិណ្ឌូរាប់ម៉ឺននាក់ បាននាំគ្នាចុះងូតទឹកទន្លេគង្គា ស្ថិតនៅភាគខាងជើងប្រទេស នាឱកាសពិធីបុណ្យសាសនារបស់ពួកគេ នៅថ្ងៃសុក្រនេះ ខណៈវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) បាននិងកំពុងធ្វើឲ្យប្រទេស ដែលមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ លើពិភពលោកមួយនេះ មើលឃើញករណីឆ្លងប្រចាំថ្ងៃ កើនឡើងដល់ខ្ទង់រាប់សែននាក់ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។

ក្រុមអ្នកប្រតិបត្តិសាសនាហិណ្ឌូ បានប្រមូលផ្តុំគ្នាងូតទឹក នៅត្រង់ចំណុចប្រសព្វនៃទន្លេបីហៅថា សាំងហ្គាម (Sangam) ដោយទន្លេទាំង ៣ នោះរួមមាន ទន្លេគង្គា (Ganges), យ៉ាមុណា (Yamuna) និងសារ៉ាស្វាទី (Saraswati) ស្ថិតនៅក្នុងទីក្រុង ប្រាយ៉ាហ្គ្រាច (Prayagraj) ចម្ងាយ ២០០គីឡូម៉ែត្រ ពីភាគឦសានទីក្រុង ឡាក់ណាវ (Lucknow) របស់រដ្ឋ អ៊ូតតា ប្រាដែស (Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា។

ចំណុចប្រសព្វ Sangam ខាងលើនេះ ត្រូវបានចាត់ទុកជាតំបន់ប្រមូលផ្តុំ ទឹកទន្លេដ៏ពិសិដ្ឋនៅឥណ្ឌា ដែលក្រុមអ្នកប្រតិបត្តិសាសនាហិណ្ឌូ តែងតែទៅប្រារព្ធពិធីងូតទឹករួមគ្នា ជារៀងរាល់ឆ្នាំ។ អ្វីដែលគេនៅចាំមិនភ្លេចនោះ គឺកាលពីដើមឆ្នាំ ២០២១ កន្លងទៅ ការងូតទឹកជុំគ្នាស្រដៀងគ្នានេះនៅរដ្ឋ អ៊ូតតារ៉ាខាន់ (Uttarakhand) ដែលស្ថិតនៅជាប់រដ្ឋ Uttar Pradesh ដែរ បានជួយជំរុញឲ្យវីរុស Delta ឆ្លងរាតត្បាតកាន់តែអាក្រក់ នៅទូទាំងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា គិតចាប់តាំងពីដើមខែមករា ឆ្នាំ២០២២ មកនេះ ប្រទេសឥណ្ឌាបានមើលឃើញករណីឆ្លងជំងឺ COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Omicron កើនឡើងយ៉ាងគំហុក រហូតដល់ខ្ទង់រាប់សែនករណី ក្នុងមួយថ្ងៃៗឡើងវិញ។ ដោយឡែកនៅថ្ងៃសុក្រនេះ ករណីឆ្លងជំងឺ COVID-19 សរុប ២៦៤,០០០ករណីបន្ថែមទៀត ត្រូវបានប្រកាសរកឃើញ នៅកំលុងរយៈពេល ២៤ម៉ោង ខណៈករណីចូលសម្រាកមន្ទីរពេទ្យ នៅបន្តស្ថិតក្នុងអត្រាទាបនៅឡើយ នៅទូទាំងប្រទេសដែលមានប្រជាជនសរុប ១,៤០០លាននាក់មួយនេះ។

គិតត្រឹមពេលនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុប ៣៦,៥៨២,១២៩ករណី ក្នុងនោះស្លាប់ ៤៨៥,៣៥០នាក់ និងជាសះស្បើយវិញជាង ៣៤.៨៤លាននាក់។ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១.៥៤ពាន់លានដូស ក្នុងនោះប្រជាជន ៦៤៣លាននាក់ (៤៦.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕