(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២នេះសម្រេចបានការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ ជូនប្រជាជនរបស់ខ្លួនជាង ៥០០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីស្រាអែល បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ សម្រាប់ជនងាយរងគ្រោះ និងប្រជាជនមានអាយុ ៦៤ឆ្នាំឡើង កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ដោយរំពឹងថាដូសជំរុញនេះអាចនឹងជួយប្រយុទ្ធប្រឆាំង ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង។

បើតាមក្រសួងសុខាភិបាលអ៉ីស្រាអែល បច្ចុប្បន្ន ប្រទេសមួយនេះមានអ្នកឆ្លង COVID-19 ដែលកំពុងទទួលការព្យាបាលចំនួន ២៦០,០០០នាក់ ក្នុងនោះមានតែ ២៨៩នាក់ប៉ុណ្ណោះ មានរោគសញ្ញាធ្ងន់ ដែលតួលេខនេះតិចជាងកាលពីរលកឆ្លងមុនៗ។

គួរបញ្ជាក់ថា អ៉ីស្រាអែល ដែលមានប្រជាជនជិត ៩.៥លាននាក់ បានរាយការណ៍ពីអ្នកស្លាប់ដោយសារ COVID-19 ចំនួន ៨,២៩៣នាក់ ចាប់តាំងពីជំងឺឆ្លងរាតត្បាត មួយនេះផ្ទុះឡើងនៅក្នុងប្រទេស ក្នុងចំណោមអ្នកឆ្លង ១.៦លាននាក់ និងជាសះស្បើយ ១.៤លាននាក់៕