(នូគូអាឡូហ្វា)៖ រលកស៊ូណាមិដែលបង្កឡើងដោយបាតុភូតបន្ទុះភ្នំភ្លើងយ៉ាងធំសម្បើម បានវាយប្រហារលើប្រទេសប្រជុំកោះតូចមួយ នៅកណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក នាថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។

រូបភាពនិងឃ្លីបវីដេអូតាមប្រព័ន្ធបណ្តាញសង្គម បានបង្ហាញឱ្យឃើញទឹករលកធំៗហូរកាត់ផ្លូវថ្នល់ អគារ និងលំនៅឋានជាច្រើន ខណៈសាក្សីបាននិយាយថា កម្ទេចផេះភ្នំភ្លើងបានធ្លាក់នៅរាជធានី នូគូអាឡូហ្វា (Nuku'alofa) ថែមទៀតផង។ បាតុភូតធម្មជាតិដ៏ភ្ញាក់ផ្អើលនេះ បានជំរុញ ឱ្យប្រជាជនតុងហ្កា ប្រញាប់ប្រញាល់នាំគ្នាជម្លៀសខ្លួន ទៅរកទីទួលសុវត្ថិភាព។

បន្ទុះភ្នំភ្លើងឈ្មោះ ហាំងហ្កា តុងហ្កា ហាំងហ្កា ហាអាប៉ៃ (Hunga Tonga-Hunga Ha'apai) ត្រូវគេអះអាងថា បានបន្លឺសំឡេងពាសពេញតំបន់ភាគខាងត្បូងនៃមហាសមុទ្រប៉ាស៉ីហ្វិក សូម្បីតែនៅអូស្រ្តាលីនិងនូវែលសេឡង់។ ខណៈនេះ ផ្នែកភាគច្រើននៃប្រទេសតុងហ្កា បាននិងកំពុងបាត់បង់អគ្គិសនី បណ្តាញទូរស័ព្ទ និងសេវាអ៉ីនធើណិតស្ទើរតែទាំងស្រុង។ យ៉ាងណាមិញ ហាក់មិនទាន់មានសេចក្តីរាយការណ៍អំពី ទំហំនៃការខូចខាតនិងមនុស្សរងគ្រោះថ្នាក់នៅឡើយទេ។

គួរបញ្ជាក់ថា តុងហ្កាគឺជាប្រទេសដែលប្រមូលផ្តុំដោយកោះតូចៗជាង១៧០ នៅភាគខាងត្បូងមហាសមុទ្រប៉ាស៉ីហ្វិក និងមានមនុស្សរស់នៅប្រហែលជាង១សែននាក់៕