(អូតតាវ៉ា)៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី មេឡានី ហ្សូលី (Melanie Joly) នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ នៅសប្ដាហ៍ ក្រោយនេះ ដើម្បីបញ្ជាក់ពីការគាំទ្រដល់អធិបតេយ្យភាពរបស់អ៊ុយក្រែន និងពង្រឹងឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងកំញើញកុំឱ្យរុស្ស៊ី បើកការវាយប្រហារណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោកស្រី Melanie Joly បានបញ្ជាក់ដូច្នេះថា «ការប្រមូលផ្ដុំ កងទ័ព និងបរិក្ខាយោធារបស់រុស្ស៊ី ទាំងនៅក្នុង និងជុំវិញទឹកដីអ៊ុយក្រែន បាន និងកំពុងបំផ្លាញសន្តិសុខនៅក្នុងតំបន់ទាំងមូល ...ហើយ កាណាដានឹងធ្វើការជាមួយដៃគូអន្តរជាតិនានា ដើម្បីរក្សាមូលដ្ឋានច្បាប់នៃសណ្ដាប់ធ្នាប់អន្តរជាតិ»

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅសប្ដាហ៍ក្រោយ, លោកស្រី Melanie Joly នឹងត្រូវជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី អ៊ុយក្រែនលោក ដេនីស ស្មីហ្កាល់ (Denys Shmygal) ហើយលោកស្រីនឹងធ្វើដំណើរទៅតំបន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែន ដើម្បីថ្លែង សារទៅកាន់យោធាកាណាដា២០០នាក់ ដែលកំពុងឈរជើងបណ្ដុះបណ្ដាលនៅទីនោះ ចាប់តាំងពីឆ្នាំ២០១៥មក៕