(ប៉េកាំង)៖ ទិន្នន័យពីរដ្ឋាភិបាលចិនបានបង្ហាញថា ប្រទេសនេះបានទទួលកំណើនប្រជាជនជាង ៤៨០,០០០នាក់ទៀត កាលពីឆ្នាំ២០២១ ដែលនាំឲ្យចំនួនប្រជាជនសរុបកើនឡើងដល់ជាង ១,៤១២,៦០០,០០០នាក់ ពីចំនួនជាង ១,៤១២,០០០,០០០នាក់ កាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នារសៀលថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

តួលេខខាងលើនេះ គឺបង្ហាញអំពីសញ្ញាធ្លាក់ចុះនៃអត្រាកំណើនប្រជាជន ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នានៅទូទាំងប្រទេសចិន។ តែយ៉ាងណាក៏ដោយ ចិននៅតែអាចរក្សាតំណែង ជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកនេះដដែល, នេះបើតាមទិន្នន័យ ដែលត្រូវបានបញ្ចេញដោយការិយាល័យស្ថិតិជាតិចិន (NBS)។

បន្ថែមពីខាងលើនេះ កាលពីឆ្នាំ២០២១ ទារកសរុប ១០.៦២លាននាក់ បានចាប់កំណើតនៅទូទាំងប្រទេសចិន ហើយក៏ជាចំនួនធ្លាក់ចុះផងដែរ បើធៀបនឹងឆ្នាំ២០២០ ដែលមានរហូតដល់ទៅ ១២លាននាក់។ ដោយសារមើលឃើញបញ្ហានេះ កន្លងមករដ្ឋាភិលបាលទីក្រុងប៉េកាំង បានអនុញ្ញាតឲ្យគូស្វាមីភរិយាអាចមានកូនទី ៣ និងព្យាយាមកាត់បន្ថយផងដែរ នូវអត្រារំលូតកូនដោយគ្មានវេជ្ជបញ្ជា។

គួរបញ្ជាក់ថា ដើម្បីឲ្យបានដឹងអំពីការកើនឡើង ឬធ្លាក់ចុះចំនួនប្រជាជនប្រចាំឆ្នាំ នៃប្រទេសណាមួយនោះ គឺគេត្រូវប្រៀបធៀបចំនួននៃទារកដែលបានចាប់កំណើត ជាមួយនិងចំនួនអ្នកបាត់បង់ជីវិតនៅក្នុងរយៈមួយឆ្នាំ ក្នុងប្រទេសនោះ៕