(នូគូអាឡូហ្វា)៖ ការខូចខាតក្នុងកម្រិតធ្ងន់ធ្ងរត្រូវបានរាយការណ៍ ក្រោយប្រទេសដីកោះតុងហ្កា ដែលស្ថិតនៅតំបន់ភាគខាងត្បូង នៃមហាសមុទ្រប៉ាស៉ីហ្វិក បានទទួលរងការវាយប្រហារដោយរលកស៊ូណាមិ កាលពីចុងសប្តាហ៍កន្លងទៅនេះ ប៉ុន្តែអ្វីៗនៅមិនទាន់មានភាពប្រាកដច្បាស់លាស់តែម្តងនៅឡើយទេ ដោយសារតែបញ្ហានៃប្រព័ន្ធទាក់ទង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ភ្នំភ្លើងឈ្មោះ ហាំងហ្កា តុងហ្កា ហាំងហ្កា ហាអាប៉ៃ (Hunga Tonga-Hunga Ha'apai) បានផ្ទុះឡើងយ៉ាងកក្រើក នៅចម្ងាយប្រមាណជា៦៥គីឡូម៉ែត្រ ពីភាគខាងជើងនៃរាជធានីនូគូអាឡូហ្វា (Nuku'alofa) របស់ប្រទេសតុងហ្កា។ បន្ទុះភ្នំភ្លើងនោះ បានបង្កជារលកស៊ូណាមិធំៗ បោកបក់ទៅលើប្រទេសដីកោះនេះ ហើយប្រទេសមួយចំនួនទៀត នៅលើមហាសមុទ្រប៉ាស៉ីហ្វិក ក៏បានទទួលរងចំហាយឥទ្ធិពលរបស់វាដែរ។

នៅថ្ងៃចន្ទនេះ ឧត្តមស្នងការនូវែលសេឡង់ប្រចាំនៅតុងហ្កា បានបង្ហោះសារលើបណ្តាញសង្គម Facebook ថា ការខូចខាតធ្ងន់ធ្ងរត្រូវបានគេ រាយការណ៍ នៅតាមបណ្តោយឆ្នេរភាគខាងលិច នៃកោះតុងហ្កាតាពូ (Tongatapu) ដែលជាកោះធំរបស់ប្រទេសតុងហ្កា។

គួរបញ្ជាក់ថា យ៉ាងណាក្តី បណ្តាញទូរស័ព្ទទំនាក់ទំនងនិងអ៉ីនធើណិត ស្ទើរទាំងស្រុងនៅតែមិនទាន់ដំណើរការដដែលនៅទីនោះ ហើយតំបន់តាមបណ្តោយឆ្នេរ ក៏នៅបន្តត្រូវបានកាត់ផ្តាច់ផងដែរ ដែលជាហេតុធ្វើឱ្យពិបាកក្នុងការកំណត់អំពីទំហំនៃការខូចខាត ឱ្យបានច្បាស់លាស់។ មកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពី មនុស្សរងគ្រោះថ្នាក់ដូចជារបួស ឬបាត់បង់ជីវិត នៅឡើយទេ៕