(កាលីហ្វ័រញ៉ា)៖ នៅអំឡុងសម័យសង្រ្គាមត្រជាក់ តំបន់អឺរ៉ុបគឺជាយុទ្ធសាស្ត្រអាទិភាពរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ យុទ្ធសាស្ត្របែបនេះ បានផ្លាស់ប្ដូរទៅហើយ ដោយសព្វថ្ងៃ យុទ្ធសាស្ត្រសន្តិសុខរបស់អាមេរិកបានងាកមកផ្ដោតជាសំខាន់លើចិន និងតំបន់អាស៊ូបូព៌ា ដែលត្រូវបាន ជំនួសកន្លែងតំបន់អឺរ៉ុប ក្លាយជាទីកំណត់ការប្រជែងភូមិសាស្ត្រនយោបាយសកលលោក។

យុទ្ធសាស្ត្រផ្តោតលើចិន បានលេចចេញជារូបរាង ក្រោយសហរដ្ឋអាមេរិកដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ដោយទុកឱ្យរដ្ឋាភិបាលទីក្រុង កាប៊ុលគាំទ្រលោកខាងលិច ត្រូវបានក្រុមតាលីបង់វាយផ្ដួលរលំ។ ប៉ុន្តែ ខណៈសហរដ្ឋអាមេរិកផ្ដោតលើចិន រុស្ស៊ី និងអ៉ីរ៉ង់ក៏បានឆ្លៀតឱកាស ពង្រីកឥទ្ធិពលរបស់ខ្លួនដែរ។

ថ្នាក់ដឹកនាំអ៉ីរ៉ង់ ប្រហែលជាកំពុងយល់ថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងមិនចូលរួម ឬលូកដៃនៅក្នុងសង្រ្គាមថ្មីមួយនៅមជ្ឈិមបូព៌ា នោះទេ ដ្បិតអាមេរិកកំពុងត្រៀមខ្លួនសម្រាប់ជម្លោះជាយថាហេតុណាមួយជាមួយចិន។ រីឯប្រធានាធិបតី លោក ពូទីន ឯណោះវិញ បាន និងកំពុងដាក់ពង្រាយកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដិ្បតលោកក៏ទំនងជាគិតដូចគ្នាទៅនឹងអ៉ីរ៉ង់ដែរ។

លោក ពូទីន ប្រហែលជាជឿថាបច្ចុប្បន្ន វាជាឱកាសល្អក្នុងការស្ដារ និងពង្រីកឥទ្ធិពលរុស្ស៊ីឡើងវិញ ពីព្រោះថាអាមេរិកកំពុងផ្តោតលើសំខាន់ លើចិន។ សកម្មភាពរបស់អ៉ីរ៉ង់ និងរុស្ស៊ី នាពេលថ្មីៗនេះត្រូវបានក្រុមអ្នកជំនាញលោកខាងលិចយល់ថាវាបានបង្ហាញថាយុទ្ធសាស្ត្ររបស់ អាមេរិកមានបញ្ហា។ ជាការពិតណាស់ ការផ្តោតរបស់អាមេរិកទៅលើចិនខ្លាំងពេក មុខជានឹងជះឥទ្ធិពលខ្លាំងទៅលើតំបន់មជ្ឈិមបូព៌ា ជាជាងអាមេរិកឡាទីន និងអាហ្វ្រិក។ នៅអាមេរិកឡាទីន និងអាហ្រ្វិក យុទ្ធសាស្ត្រ ឬគោលនយោបាយអាមេរិកគឺផ្ដោតសំខាន់លើការប្រជែងសេដ្ឋកិច្ច បច្ចេកវិទ្យា និងការទូតជាមួយចិន។

ប៉ុន្តែ នៅមជ្ឈិមបូព៌ា បណ្ដាប្រទេសភាគច្រើន គឺពឹងផ្អែកស្ទើរតែទំាងស្រុងទៅលើការពារសន្តិសុខពីសហរដ្ឋអាមេរិក ដែលនេះនឹងធ្វើតំបន់ មជ្ឈិមបូព៌ាទាំងមូលនឹងត្រូវរៀនរស់ដោយមិនមានការផ្ដល់ ឬការគាំទ្រពីអាមេរិក។ លើសពីនេះទៅទៀត ប្រសិនបើសហរដ្ឋអាមេរិក នៅតែ រក្សាយុទ្ធសាស្ត្រផ្ដោតលើចិន នោះចង់ ឬមិនចង់ អាមេរិកអាចនឹងបាត់បង់ឥទ្ធិពលភូមិសាស្ត្រនយោបាយ តួយ៉ាងដូចជាមជ្ឈិមបូព៌ាជាដើម។

យ៉ាងណាក៏ដោយ, ការថយចុះឥទ្ធិពលអាមេរិក វាក៏ជារឿងល្អម្យ៉ាងដែរ ព្រោះវានឹងរារាំងអាមេរិកពីការធ្វើសង្រ្គាមដែលមិនចាំបាច់។ បើតាម សេវាស្រាវជ្រាវនៃសភាអាមេរិក ក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ពោលគឺក្រោយការបញ្ចប់សង្រ្គាមត្រជាក់មក សហរដ្ឋអាមេរិកបានប្រើប្រាស់ កម្លាំងយោធារបស់ខ្លួននៅក្រៅប្រទេសជារៀងរាល់ឆ្នាំ ដោយបង្កវិនាសកម្ម និងចាយលុយយ៉ាងសន្ធឹកសន្ធាប់ក្នុងសង្រ្គាម ដូចជានៅអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថានជាដើម។

ម្ល៉ោះហើយ យុទ្ធសាស្ត្រថ្មីរបស់អាមេរិកដោយផ្ដោតទៅលើចិន វានឹងបង្ខំឱ្យបណ្ដាប្រទេសផ្សេងទៀត ដែលធ្លាប់តែពឹងផ្អែកខ្លាំងលើអាមេរិក ចាប់ផ្ដោតគិតគូ ពង្រឹងសមត្ថភាពខ្លួនឯង។ នៅមជ្ឈិមបូព៌ា បណ្ដាប្រទេសអារ៉ាប់ជាច្រើនបានស្ដារទំនាក់ទំនង និងពង្រឹងសន្តិភាព ហើយការ ភ្ជាប់ទំនាក់ទំនងឡើងវិញរវាងរដ្ឋអារ៉ាប់ខ្លះ ជាមួយអ៉ីស្រាអែលយកមកធ្វើជាឧទាហរណ៍បាន។

ម្យ៉ាងវិញទៀត នៅអឺរ៉ុប ក៏លេចឡើងផងដែរនូវ «យុទ្ធសាស្ត្រស្វ័យភាព» ដោយនេះបញ្ជាក់បានថាអឺរ៉ុបលែងអាចពឹងផ្អែកទាំងស្រុងលើ អាមេរិកដើម្បីការពារសន្តិសុខរបស់ខ្លួន ហើយការពិតមួយដែលពិភពលោកត្រូវទទួលស្គាល់ នោះគឺ «សង្រ្គាមត្រជាក់នៅយុគសម័យថ្មីរវាង អាមេរិក និងចិន៕

ប្រភព៖ CNA (ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២)