(ហ្សឺណែវ)៖ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ នៃអង្គការសុខភាពពិភពលោក (WHO) លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បាននិយាយថា បច្ចុប្បន្ននេះនៅមិនទាន់មានភស្ដុតាងណាមួយ ដែលបង្ហាញថា កុមារ និងក្មេងជំទង់ដែលមានសុខភាពល្អស្រាប់ទៅហើយនោះ ចាំបាច់ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ថែមទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Soumya Swaminathan ក៏បានសង្កត់ធ្ងន់ដែរថា «ជាការពិតណាស់ ប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំង បានថយចុះប្រសិទ្ធភាពខ្លះ ក្នុងការប្រឆាំងជាមួយមេរោគបំប្លែងថ្មី អូមីក្រុង។ ប៉ុន្តែការសិក្សាស្រាវជា្រវ បន្ថែមត្រូវតែធ្វើឡើង ដើម្បីកំណត់ឱ្យច្បាស់ថា តើនរណាខ្លះដែលចាំបាច់ ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ»

គួរបញ្ជាក់ថា ការលើកឡើងរបស់ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រអង្គការ WHO ខាងលើនេះ បានកើតមានឡើងចំពេលបណ្ដាប្រទេសជាច្រើន ក្នុងនោះមានដូចជា អ៉ីស្រាអែលជាដើម បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ដល់កុមារមានអាយុ ១២ឆ្នាំ ខណៈសហរដ្ឋអាមេរិកកាលពីដើមខែមករានេះ ក៏បានអនុញ្ញាតលើ ការចាក់វ៉ាក់សាំងបង្ការ «ដូសជំរុញ» សម្រាប់កុមារមានអាយុពី ១២ ដល់ ១៥ឆ្នាំផងដែរ។
កាលពីសប្ដាហ៍មុន ប្រទេសអាល្លឺម៉ង់បានផ្ដល់អនុសាសន៍ឱ្យកុមារមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ គួរតែទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ហើយហុងគ្រីក៏បានធ្វើដូចគ្នានេះដែរ។ យ៉ាងណាក៏ដោយ ការលើកឡើងពីសំណាក់មន្ត្រីជំនាញនៃ WHO ខាងលើនេះ ត្រឹមតែជាសារក្រើនរំលឹកបន្ថែមអំពីភាពចាំបាច់ប៉ុណ្ណោះ៕