ថៃ៖ មនុស្សជាង ៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ (Video inside)
19-01-2022 12:55
(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,១២២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៤៦០នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,៣៤៤,៩៣៣ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៩៧១នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ២.២៤លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១០.០៩លានដូស ក្នុងនោះប្រជាជន ៤៧.៧១លាននាក់ (៦៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕