(ហ្សាការតា)៖ ជនសកម្មប្រយុទ្ធម្នាក់នៅប្រទេសឥណ្ឌូណេស៉ី ដែលមានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកយ៉ាងកក្រើក កាលពីប្រមាណ២០ឆ្នាំមុន នៅកោះទេសចរណ៍បាលី ទើបតែត្រូវបានតុលាការឥណ្ឌូណេស៉ី សម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

ជនសកម្មប្រយុទ្ធខាងលើដែលមានឈ្មោះ អារីស ស៊ូម៉ាសូណូ (Aris Sumarsono) គឺជាអតីតមេបញ្ជាការមួយរួប នៅក្នុងក្រុមសកម្មប្រយុទ្ធ ជើម៉ាអាស់ អ៉ីស្លាមីយ៉ាស់ (Jemaah Islamiah) ជាបណ្តាញក្រុមជីហាដមានមូលដ្ឋាននៅតំបន់អាស៉ីអាគ្នេយ៍ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវករអាល់កៃដា (Al Qaeda)។

គួរបញ្ជាក់ថា បុគ្គលខាងលើដែលមានអាយុ៥៨ឆ្នាំ បានស្ថិតក្រោមការរត់គេចខ្លួន អស់រយៈពេលស្ទើរតែ២ទសវត្សរ៍ បន្ទាប់ពីត្រូវបានអាជ្ញាធរឥណ្ឌូណេស៉ី កំណត់ឈ្មោះជាជនសង្ស័យ ក្នុងករណីវាយប្រហារនៅកោះបាលី។ ហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏ប្រល័យកាលពី២០ឆ្នាំមុននោះ បានផ្តាច់ជីវិតមនុស្សសរុបចំនួនដល់ទៅ ២០២នាក់ឯណោះ ដែលភាគច្រើនជាជនបរទេស។ សម្រាប់ជនសង្ស័យផ្សេងៗទៀត ដែលត្រូវបានកាត់ទោសនាពេលកន្លងមក គឺរួមមាន៣នាក់ ត្រូវបានប្រហារជីវិត៕