(ប៊ែរឡាំង)៖ នៅថ្ងៃពុធនេះ ប្រទេសអាល្លឺម៉ង់បានរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ១១២,៣២៣នាក់ នៅក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ដោយនេះគឺជាលើកដំបូងបំផុតហើយ ដែលចំនួនករណីឆ្លងរហូតដល់ខ្ទង់រាប់សែននាក់ ត្រូវបានរាយការណ៍ចេញពីប្រទេស មានប្រជាជនច្រើនជាងគេ ប្រចាំសហភាពអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យថ្មីខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសអាល្លឺម៉ង់ កើនឡើងដល់ ៨,១៨៦,៨៥០ករណី។ បន្ថែមពីនេះ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកជំងឺ COVID-19 ២៣៩នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១១៦,០៨១នាក់។

ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក ខាល ឡោថឺបាស (Karl Lauterbach) បានបង្ហាញការព្យាករណ៍ ពីក្រុមអ្នកជំនាញអាល្លឺម៉ង់ថា ជំងឺរាតត្បាតសកល COVID-19 រលកថ្មី ដែលកំពុងបោកបក់នៅអាល្លឺម៉ង់នេះ នៅមិនទាន់់ឈានដល់ «ចំណុចកំពូល» នៅឡើយទេ ហើយវានឹងអាចឈានដល់ ចំណុចកំពូល នៅកំលុងពាក់កណ្តាលខែកុម្ភៈខាងមុខ។

គួរបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron បាននិងកំពុងធ្វើឲ្យករណីឆ្លងជំងឺ COVID-19 នៅទូទាំងទ្វីបអឺរ៉ុប ជាពិសេសនៅបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ផ្ទាល់ មើលឃើញចំនួនករណីឆ្លងប្រចាំថ្ងៃ កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។ ទោះបីជាអត្រាអ្នកធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារ Omicron នៅស្រាលជាង Delta ក្តី ក៏ការឆ្លងកើនឡើងយ៉ាងគំហុកបែបនេះ ពិតជាកំពុងបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរ ដល់ប្រព័ន្ធគ្រប់គ្រងសុខាភិបាល នៃប្រទេសទាំងនេះយ៉ាងពិតប្រាកដ៕