(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ហាក់បានបញ្ចេញតំរុយ ឲ្យពិភពលោកមើលដឹងថា ខ្លួនកំពុងត្រៀមដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយ (ICBM) ឡើងវិញ ខណៈប្រភពព័ត៌មានពីកូរ៉េខាងជើង បានចេញផ្សាយថា លោក គីម ជុងអ៊ុន កំពុងតែរៀបចំក្បួន ដើម្បីធ្វើការប្រឈមមុខរយៈពេលវែង ជាមួយនឹងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា បានយកការធ្វើតេស្តមីស៊ីលហោះលឿនជាងល្បឿនសំឡេង (hypersonic missile) និងមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ព្រមទាំងមីស៊ីលដែលអាចបាញ់ចេញពីលើផ្លូវរថភ្លើង សរុបចំនួន ៤លើករួចមកហើយ ធ្វើជាការបើកទំព័រស្វាគមន៍ឆ្នាំ ២០២២ ហើយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានដាក់ទណ្ឌកម្មជាលើកដំបូងសម្រាប់រដ្ឋបាលលោក ទៅលើទីក្រុងព្យុងយ៉ាងរួចមកហើយដែរ។

ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានបង្ហាញជំហរស្វាគមន៍កូរ៉េខាងជើង ឲ្យចូលមកកាន់តុសន្ទនាគ្នាឡើងវិញក្តី ក៏ការដាក់ទណ្ឌកម្មក្តៅៗអបទៅជាមួយនោះ បានធ្វើឲ្យទីក្រុងព្យុងយ៉ាងខឹងសម្បារយ៉ាងខ្លាំង និងបង្ហាញមហិច្ឆតាធ្វើតេស្តអាវុធ ព្រមទាំងបង្កើនសមត្ថភាពយោធារបស់ខ្លួន តទៅមុខទៀត ដើម្បីឆ្លើយតបនឹងចេតនាឈ្លានពាន។

តាមរយៈសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាច តែមួយគត់នៅកូរ៉េខាងជើង បានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយ ហើយក្នុងនោះបានផ្តល់សញ្ញាថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាលីស្ទីកឆ្លងទ្វីប (មានសមត្ថភាពបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ) ឬហៅយ៉ាងខ្លីថា ICBM ឡើងវិញ។

គួរបញ្ជាក់ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចចិត្តដោយខ្លួនលោកផ្ទាល់ ក្នុងការផ្អាកសកម្មភាពធ្វើតេស្តមីស៊ីល ICBM និងអាវុធនុយក្លេអ៊ែរកាលពីឆ្នាំ ២០១៨ ដើម្បីស្វាគមន៍កិច្ចសន្ទនា និងចរចាជាប្រវត្តិសាស្ត្រជាមួយលោក ដូណាល់ ត្រាំ ដែលកាលណោះជាប្រធានាធិបតីអាមេរិក។ យ៉ាងណាក៏ដោយ ក្រោយកិច្ចសន្ទនាជាប់គាំងកាលពីឆ្នាំ២០១៩ លោក គីម ជុងអ៊ុន ក៏បានព្រមានធ្វើតេស្តអាវុធទាំងឡើងវិញផងដែរ៕