(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាការងារជាមួយសម្ពន្ធមិត្តអឺរ៉ុបសំខាន់ៗ ជាផ្នែកមួយនៃបេសកកម្មការទូតសំដៅទប់ស្កាត់កុំឱ្យរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

បើតាមការគ្រោងទុក លោក Blinken នឹងស្វែងរកការបង្កើតក្រុមចម្រុះមួយ នៅក្នុងជំនួបជាមួយសមាភាគីបារាំង និងអាល្លឺម៉ង់ រួមទាំងចក្រភពអង់គ្លេស មុននឹងលោកត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃសុក្រសប្ដាហ៍នេះ។

គួរបញ្ជាក់ថា លោក Anthony Blinken បានចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយការឈប់សំចតមុនគេនៅ អ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្រដល់ទីក្រុងកៀវ ក៏ដូចជាជំរុញឱ្យលោក វ្ល៉ាឌីមៀ ពូទីន បន្តដើរតាមជំហានការទូត និងដោយសន្តិវិធី៕