(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ពួកគេចាប់បានសញ្ញាថា កូរ៉េខាងជើងកំពុងត្រៀមខ្លួន រៀបចំធ្វើព្យុហយាត្រាយោធាមួយ នៅមុនព្រឹត្តិការណ៍នយោបាយដ៏សំខាន់ចំនួន ២ នៅក្នុងប្រទេសឈានចូលមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។

បើតាមយ៉ុនហាប់ កូរ៉េខាងជើងគ្រោងនឹងរៀបចំពិធីអបអរសាទរ ថ្ងៃខួបកំណើតរបស់អតីតមេដឹកនាំកូរ៉េខាងជើង ២រូប នោះគឺឪពុកបង្កើតរបស់ លោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៉ីល នៅថ្ងៃទី១៦ ខែកុម្ភៈ និងជីតាបង្កើតរបស់លោក គឺលោក គីម អ៉ីលស៊ុង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះដែរ សារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងនឹងចាប់ផ្ដើមឡើងវិញនូវរាល់សកម្មភាព ដែលត្រូវបានផ្អាកបណ្ដោះអាសន្ននាពេលកន្លងមក។ ការប្រកាសបែបនេះទំនងជាចង់សំដៅទៅលើ ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីប ICBM ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកចាប់តាំងពីចុងឆ្នាំ២០១៧មក៕