(ម៉ុងទ្រេអាល់)៖ អាជ្ញាធរប៉ូលិសកាណាដាបានប្រកាសឲ្យដឹង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្ស ៤នាក់ (ក្នុងនោះមានទារកម្នាក់ និងក្មេងជំទង់ ២នាក់) ត្រូវបានប្រទះឃើញកកស្លាប់នៅក្នុងគំនរព្រិល ស្ថិតនៅក្បែរព្រំដែនសហរដ្ឋអាមេរិក ជាតំបន់ដែលត្រូវបានគេដឹងថា មានក្រុមជនភៀសខ្លួននិយមលួចឆ្លងកាត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នារសៀលថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

បើតាមអាជ្ញាធរកាណាដា សាកសពរបស់មនុស្សទាំង ៤នាក់ខាងលើនេះ ត្រូវបានរកឃើញកាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅកាណាដា) នៅចម្ងាយ ១២គីឡូម៉ែត្រពីខ្សែបន្ទាត់ព្រំដែនអាមេរិក-កាណាដា និងចម្ងាយ ១០គីឡូម៉ែត្រពីទីក្រុង អ៊ែមម៉ឺសុន (Emerson) នៃខេត្ត ម៉ានីតូបា (Manitoba) ភាគកណ្តាលប្រទេសកាណាដា។ នៅតំបន់នេះ ព្រិលទឹកកកកំពុងធ្លាក់ចុះមកយ៉ាងសន្ធប់ ហើយអាកាសធាតុបានចុះត្រជាក់ខ្លាំង រហូតដល់ទៅ -៣៥ អង្សារសេឯណោះ។

គួរបញ្ជាក់់តាមស្ថាប័នប៉ូលិសជាតិរបស់កាណាដា ឲ្យដឹងក្នុងដំណាក់កាលបឋមថា មនុស្សទាំង ៤នាក់បានស្លាប់ ដោយសារតែមិនអាចស៊ូទ្រាំ នឹងអាកាសធាតុដ៏ត្រជាក់ខ្លាំង នៅតំបន់ខាងលើនេះបាន។ ដោយឡែកខាងភាគីសហរដ្ឋអាមេរិកវិញ ប៉ូលិសនៅក្នុងរដ្ឋជាប់ព្រំដែនកាណាដាខាងលើនេះ បានអះអាងថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ ដោយសង្ស័យពីបទរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែន។ បច្ចុប្បន្នប៉ូលិសកាណាដា និងអាមេរិកកំពុងសហការគ្នា ដើម្បីស៊ើបអង្កេតករណីនេះ៕