(តេហេរ៉ង់)៖ នៅថ្ងៃសុក្រនេះ ប្រទេសអ៉ីរ៉ង់ ចិន និងរុស្ស៉ី បាននិងកំពុងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាលើកទី៣ នៅឯតំបន់ភាគខាងជើង នៃមហាសមុទ្រឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

ប្រទេសទាំង៣ បានចាប់ផ្តើមការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា កាលពីឆ្នាំ២០១៩ នៅតំបន់មហាសមុទ្រឥណ្ឌា និងឈូងសមុទ្រអូម៉ង់។ ការចាប់ផ្តើមការធ្វើសមយុទ្ធនៅមហាសមុទ្រឥណ្ឌា នាថ្ងៃសុក្រនេះ បានកើតមានឡើងបន្ទាប់ពីប្រទេសទាំង៣ ទើបតែបានបញ្ចប់ការធ្វើសមយុទ្ធ នៅឈូងសមុទ្រអូម៉ង់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

មេបញ្ជាការយោធាជើងទឹកអ៉ីរ៉ង់ លោក ម៉ូស្តាហ្វា តាចុលឌីនី (Mostafa Tajoldini) បាននិយាយថា គោលដៅនៃសមយុទ្ធយោធាជើងទឹកនេះ គឺដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់ និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងអ៉ីរ៉ង់-ចិន-រុស្ស៉ី ហើយរួមគ្នាគាំទ្រដល់សន្តិភាពពិភពលោក ដល់សន្តិសុខដែនសមុទ្រ ព្រមទាំងបង្កើតសហគមន៍ដែនសមុទ្រ ដែលមានអនាគតរួមមួយ។

គួរបញ្ជាប់ថា ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមិថុនា ឆ្នាំ២០២១ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បានប្រើគោលនយោបាយ «ក្រឡេកទៅទិសខាងកើត» ដើម្បីធ្វើឱ្យប្រទេសលោកកាន់តែមាន ទំនាក់ទំនងស៉ីជម្រៅជាមួយចិននិងរុស្ស៉ី។ កាលពីខែកញ្ញា ឆ្នាំមុន ទីក្រុងតេហរ៉ង់បានចូលរួមក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលដឹកនាំដោយទីក្រុងប៉េកាំងនិងទីក្រុងម៉ូស្គូ។ ចំណែក កាលពីសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ហូសេន អាមៀអាប់ឌុលឡាហៀន (Hossein Amirabdollahian) ទើបតែបានធ្វើទស្សនកិច្ចនៅប្រទេសចិន ហើយប្រធានាធិបតីអ៉ីរ៉ង់ ទើបតែបានជួបជាប្រធានាធិបតីរុស្ស៉ី នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕