(ប៉េកាំង)៖ ថ្ងៃទី២០ ខែមករា ឆ្នាំមុន នៅពេលថ្លែងក្នុងសុន្ទរកថា ឡើងកាន់មុខតំណែង អ្នកដឹកនាំអាមេរិកបានស្បថស្បែថា នឹងយកឈ្នះលើជំងឺកូវីដ១៩ ព្រមនឹងធ្វើឱ្យអាមេរិកដែលបែកបាក់គ្នា មានសាមគ្គីភាពឡើងវិញ។ នៅពេលនោះ ពាក្យសម្បថនេះបាននាំមកនូវក្តីសង្ឃឹមដល់ប្រជាជនអាមេរិក ដែលទើបរងផលប៉ះពាល់ពីភាពចលាចលនៅវិមានរដ្ឋសភាអាមេរិក និងការរីករាលដាលនៃជំងឺកូវីដ១៩។

ប៉ុន្តែ ក្រោយមួយឆ្នាំ ពេលបច្ចុប្បន្ននេះក្នុងស្រុកអាមេរិក ជំងឺកូវីដ១៩ បានរីករាលដាលជាថ្មីម្តងទៀត អត្រាអតិផរណាបានឡើងកម្រិតខ្ពស់ នយោបាយមានភាពបែកបាក់គ្នាកាន់តែធ្ងន់ធ្ងរ ។ល។ ការស្ទង់ប្រជាមតិថ្មីបំផុតរបស់ក្រុមហ៊ុន Gallup បានបង្ហាញឱ្យឃើញថា អត្រាគាំទ្ររបស់អ្នកដឹកនាំអាមេរិកបានធ្លាក់ចុះពី ៥៧ភាគរយ កាលពីមួយឆ្នាំមុនគឺពេលទើបឡើងមុខតំណែង មកនៅត្រឹម ៤០ភាគរយ ។

ខែកុម្ភៈ ឆ្នាំមុន ខណៈពេលថ្លែងសុន្ទរកថាស្តីពីនយោបាយការទូត អ្នកដឹកនាំអាមេរិកបានស្រែកថា «អាមេរិកត្រឡប់មកវិញហើយ» ប៉ុន្តែមិនដល់កន្លះឆ្នាំផង អាមេរិកបានដកទ័ពពីអាហ្វហ្កានីស្ថាន យ៉ាងប្រញាប់ប្រញាល់ ដែលបានបង្កបង្កើតគ្រោះមហន្តរាយមនុស្សធម៌ ជាងនេះទៅទៀត សេតវិមានទទូចបើកធ្វើអ្វីដែលហៅថា កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ ដោយមិនអើពើថាពន្លឺប្រជាធិបតេយ្យរបស់ខ្លួន មានភាពកាន់តែស្រអាប់ទៅ ចុងបំផុត កិច្ចប្រជុំកំពូលលើកនេះបានបញ្ចប់ដោយបរាជ័យ ធ្វើឱ្យ «ប្រជាធិបតេយ្យបែបអាមេរិក» កាន់តែអាម៉ាស់មុខ។

និយាយជារួម នេះជាលទ្ធផលដែលចៀសមិនរួច ដែលប្រព័ន្ធរបបប្រជាធិបតេយ្យរបស់អាមេរិកអស់ថាមពល។ បើមើលពីផ្នែកនយោបាយអាចឃើញថា ប្រព័ន្ធរបបការបំបែកអំណាចទាំងបី និងការរក្សាតុល្យភាពរវាងគណបក្សទាំងពីរ បានក្លាយទៅជា «នយោបាយវេតូ» រួចទៅហើយ បណ្តាលឱ្យអាមេរិកមានការតតាំងគ្នា និងភាពប្រេះស្រាំកាន់តែធ្ងន់ធ្ងរ។ ព្រមពេលជាមួយគ្នានេះ នយោបាយលុយកាក់ក៏បានរំខានដល់ដំណើរការទាំងស្រុង នៃការបោះឆ្នោតសកល ការតាក់តែងច្បាប់ និងអភិបាលកិច្ចរបស់អាមេរិកផងដែរ។

បើមើលពីផ្នែកសេដ្ឋកិច្ចអាចឃើញថា សេរីភាពនិយមបែបថ្មីដែលមជ្ឈដ្ឋាននយោបាយ និងពាណិជ្ជកម្មរបស់អាមេរិកបានខិតខំប្រឹងប្រែងផ្សព្វផ្សាយនោះ បានបន្សល់ទុកហានិភ័យមិនតិចទេចំពោះសេដ្ឋកិច្ចអាមេរិក។ កាសែត «South China Morning Post» បានសម្គាល់ឃើញថា សេរីភាពនិយមបែបថ្មីរបស់អាមេរិក បណ្តាលឱ្យសេដ្ឋកិច្ចពិតកាន់តែឥតប្រយោជន៍ ហើយបានធ្វើឱ្យវិសមភាពសង្គម និងទំនាស់សង្គមមានសភាពកាន់តែធ្ងន់ធ្ងរ។

តាមពិតទៅ ប្រជាពលរដ្ឋអាមេរិកបានចាប់អារម្មណ៍ដល់បញ្ហានេះរួចហើយ។ ការស្ទង់ប្រជាមតិដែលវិទ្យាស្ថាន Siena ប្រកាសនៅថ្ងៃទី ១៨ ខែមករា បានបង្ហាញថា អ្នកបោះឆ្នោតនៃក្រុងញូវយ៉កចំនួន ៥៧ភាគរយសម្គាល់ឃើញថា អាមេរិកបាននិងកំពុងដើរខុសផ្លូវ។ ប៉ុន្តែ អាមេរិកបានធ្លាក់ក្នុងអន្ទាក់ដ៏ចម្លែកមួយ ពោលគឺ៖ មនុស្សទាំងអស់សុទ្ធតែដឹងហើយថា ទិសដៅខុសហើយ ប៉ុន្តែគ្មានមធ្យោបាយអ្វីឡើយ។

ថ្លែងក្នុងសុន្ទរកថាឡើងកាន់មុខតំណែងកាលពីមួយឆ្នាំមុន អ្នកដឹកនាំអាមេរិកធ្លាប់ស្រែកថា ការជាប់ឆ្នោតរបស់លោក «មិនមែនជាភាពជោគជ័យរបស់អ្នកឈរឈ្មោះតែម្នាក់ឯងទេ គឺជាភាពជោគជ័យរបស់បុព្វហេតុប្រជាធិបតេយ្យហ្នឹងឯង»។ ប៉ុន្តែការពិតជាក់ស្តែងក្នុងរយៈពេលមួយឆ្នាំកន្លងមកបានបញ្ជាក់ថា ការនេះមិនមែនជាភាពបរាជ័យរបស់អ្នកឈរឈ្មោះតែម្នាក់ឯងទេ គឺជាភាពបរាជ័យរបស់ប្រជាធិបតេយ្យបែបអាមេរិកទាំងមូល៕ (#CCFR Comment#)