(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ខ្លួនបានសម្រេចចិត្តផ្អាកជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ ដែលហោះចេញពីទឹកដីអាមេរិកវិញ សរុប ៤៤ជើង ជាការឆ្លើយតបចំពោះ សេចក្តីសម្រេចរបស់រដ្ឋាភិបាលចិន ដែលបានផ្អាកជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដោយសារក្តីកង្វល់អំពីជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។

ក្រសួងដឹកជញ្ជូននៃសហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា ការផ្អាកនោះនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែមករា ខាងមុខនេះតទៅ ដោយក្នុងនោះជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន សៀមិន (Xiamen Airlines) ដែលគ្រោងធ្វើដំណើរពីទីក្រុង ឡូសអាន់ជែលែស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា ទៅកាន់ទីក្រុង Xiamen របស់ចិន នឹងត្រូវផ្អាករហូតដល់ថ្ងៃទី២៩ ខែមីនា។

ក្រុមហ៊ុនអាកាសចរណ៍ចិនទាំង ៤ ដែលនឹងរងផលប៉ះពាល់ពីការផ្អាក ជើងហោះហើរដោយអាជ្ញាធរសហរដ្ឋអាមេរិកនោះរួមមាន អាកាសចរណ៍ Xiamen, Air China, China Southern Airlines និង China Eastern Airlines។

គួរបញ្ជាក់ថា ទង្វើរបស់សហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានគេមើលឃើញថា ជាការសងសឹកចំពោះចិន ដែលបានសម្រេចផ្អាកជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ចំនួន ២០ជើង, អាកាសចរណ៍ American Airlines ចំនួន ១០ជើង និងអាកាសចរណ៍ Delta Air Lines ចំនួន ១៤ជើង ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ដោយយោងលើហេតុផលទប់ស្កាត់ ការរាតត្បាតវីរុសបំប្លែងថ្មី Omicron ដែលកំពុងរាតត្បាតយ៉ាងគំហុក នៅទូទាំងពិភពលោក ជាពិសេសគឺនៅក្នុងសហរដ្ឋអាមេរិក។

ជុំវិញបញ្ហានេះ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅកាន់អាមេរិកវិញថា ចំណាត់ការរបស់ចិនទៅលើ ជើងហោះហើយមកពីបរទេស ដែលចូលមកក្នុងប្រទេសចិន គឺប្រកបដោយលក្ខណៈបើកចំហ និងតម្លាភាព រវាងអាកាសចរណ៍ចិនខ្លួនឯង និងអាកាសចរណ៍បរទេស ហើយទង្វើរបស់សហរដ្ឋអាមេរិក ដែលនឹងរារាំងខ្ទប់ជើងហោះហើរ ដឹកអ្នកដំណើរធម្មតាៗរបស់ចិននោះ គឺគ្មានហេតុផលទាល់តែសោះ។ ចិនក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ទង្វើបែបនេះផងដែរ៕