(ព្រុចសែល)៖ សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំរបស់អង្គការសុខភាពពិភពលោក (WHO) បានជំទាស់នឹងផែនការដែលចង់ឱ្យទីភ្នាក់ងារ អង្គការសហប្រជាជាតិមួយនេះ កាន់តែមានឯករាជ្យភាព ដែលនេះកំពុងបង្កឱ្យមានការសង្ស័យចំពោះការគាំទ្ររបស់រដ្ឋបាលលោក ចូ បៃដិន ចំពោះ WHO។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើឯកសារមួយច្បាប់របស់ WHO ចុះថ្ងៃទី០៤ ខែមករា និងត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ បាន បញ្ជាក់ទៀតថាសំណើចង់ឱ្យអង្គការ WHO កាន់តែមានភាពឯករាជ្យត្រូវបានស្នើឡើងដោយក្រុមការងារនៃអង្គការមួយនេះដែលចង់ឱ្យបណ្ដារដ្ឋ ឬប្រទេសជាសមាជិកបង្កើនការចូលរួមវិភាគទានប្រចាំឆ្នាំរបស់ខ្លួន។

ប៉ុន្តែ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថាបានជំទាស់នឹងផែនការធ្វើកំណែទម្រង់ខាងលើ ដោយសារតែខ្លួន ព្រួយបារម្ភពីសមត្ថភាពរបស់អង្គការ WHO ក្នុងការទប់ស្កាត់ ឬគ្រប់គ្រងជំងឺឆ្លងនៅពេលអនាគត ដោយជំនួសមកវិញនូវការជំរុញឱ្យបង្កើតមូលនិធិ ដាច់ដោយឡែកមួយ ដែលគ្រប់គ្រងដោយម្ចាស់ជំនួយដោយផ្ទាល់។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ខាងលើរបស់ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើឡើងផ្អែកលើមន្ត្រីអឺរ៉ុប ៤នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ តែ ខាងរដ្ឋាភិបាលអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕