(តូក្យូ)៖ ទីក្រុងតូក្យូទើបតែបានរាយការណ៍ ពីចំនួនអ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃលើស ១០,០០០ករណី និងប្រទេសជប៉ុនទាំងមូលជាង ៥០,០០០ករណី នៅក្នុងរយៈពេលមួយថ្ងៃ ដែលជាកំណត់ត្រានៃចំនួនអ្នកឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២។

នៅក្នុងរយៈពេល ២៤ម៉ោង ទីក្រុងតូក្យូតែឯងប៉ុណ្ណោះ បានកត់ត្រាចំនួនករណីឆ្លងរហូតដល់ទៅ ១១,២២៧ករណី ខណៈតួលេខសរុបនៃករណីឆ្លងទូទាំងប្រទេសជប៉ុន សម្រាប់រយៈពេល ២៤ម៉ោងមុននេះ គឺមានរហូតដល់ទៅ ៥០,២០០ករណីឯណោះ។

ការឆ្លងជំងឺ COVID-19 យ៉ាងគំហុកទូទាំងប្រទេសជប៉ុន បានកើតមានឡើង ខណៈដែលប្រទេសដីកោះនេះ កំពុងស្ថិតក្នុងរដូវរងាខ្លាំង និងការរាតត្បាតនៃវីរុស Omicron ដែលមានសមត្ថភាពចម្លងយ៉ាងលឿនរហ័ស។ បើតាមរបាយការណ៍ពីអាជ្ញាធរទីក្រុងតូក្យូ ៣៤% នៃគ្រែមន្ទីរពេទ្យទូទាំងទីក្រុងនេះ គឺពេញដោយអ្នកជំងឺ COVID-19។

គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ៧៨.៧% នៃប្រជាជនជប៉ុនសរុបជាង ១២៥លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់។ ពេលនេះជប៉ុនមានអ្នកឆ្លងជំងឺ COVID-19 សរុប ២,០៦៧,០៦២ករណី ក្នុងនោះស្លាប់សរុប ១៨,៤៧៨នាក់ និងជាសះស្បើយវិញ ១.៧៨លាននាក់៕