(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១៥,៧០៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៩៤៥ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន២១៤ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៩៧៣ករណី, ខេត្ត Hải Phòng ៧៤៥ករណី និងខេត្ត Bến Tre ៥៥៥ករណី។

ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៥៣នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,១២៦,៤៤៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៨០០,៦៩២នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៦,៥៩៦នាក់៕