(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៣១២,៣១៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨៤១នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧១,៧២៨,៥៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៨៨,៦២៣នាក់ និងជាសះស្បើយឡើងសរុបជាង ៤៤.៣២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្រុមអ្នកជំនាញសុខាភិបាល នៅសហរដ្ឋអាមេរិកបានព្រមានថា សន្ទុះនៃការឆ្លងរាតត្បាតជំងឺ COVID-19 បង្កឡើងមេរោគបំប្លែងថ្មី Omicron នៅមិនទាន់ឈានដល់ «ចំណុចកំពូល» នៅឡើយទេ ហើយនាប៉ុន្មានសប្តាហ៍ខាងមុខទៀត ចំនួនករណីឆ្លងនឹងបន្តកើនឡើង យ៉ាងគំហុកបន្ថែមទៀត នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៣៣លានដូស ក្នុងនោះប្រជាជន ២៥០.២៦លាននាក់ (៧៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៩.២៥លាននាក់ (៦៣.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៨២.៨៨លាននាក់ (២៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕