(ហាណូយ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (វៀតណាមអ៊ែរឡាញ) បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការបន្តជើងហោះហើរទៀងទាត់រវាងវៀតណាម និងរុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Viet Nam News នៅថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។

ជើងហោះហើរដំបូងនឹងចេញនៅសប្តាហ៍ក្រោយ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមករានេះតែម្តង។ ដោយឡែកផែនការប្រតិបត្តិការចុងក្រោយ នឹងត្រូវមានការយល់ព្រមពីអាជ្ញាធរ ហើយនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំពោះអ្នកដំណើរក្នុងករណីមានការផ្លាស់ប្តូរណាមួយ។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងចាប់ផ្តើមជើងហោះហើរទៀងទាត់រវាងទីក្រុងហាណូយ និងទីក្រុងមូស្គូក្នុងមួយសប្តាហ៍ម្តង ដោយគ្រោងនឹងចេញដំណើរលើកដំបូងនៅថ្ងៃទី២៩ ខែមករា។ ហើយចាប់ពីថ្ងៃទី ០៨ខែកុម្ភៈទៅ ជើងហោះហើរពីទីក្រុងហាណូយទៅទីក្រុងមូស្គូ នឹងចេញដំណើររៀងរាល់ថ្ងៃសុក្រ ហើយត្រឡប់មកវិញនៅថ្ងៃសៅរ៍។

សម្រាប់ទិសដៅទៅទ្វីបអឺរ៉ុប នៅថ្ងៃទី២៤ ខែមករាស្អែក ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងធ្វើការហោះហើរធម្មតាដំបូងពីទីក្រុងហាណូយទៅកាន់ទីក្រុងឡុងដ៍ ដែលនឹងឆ្លងកាត់ទីក្រុងប៉ារីស បន្ទាប់មកត្រឡប់ទៅទីក្រុងហាណូយវិញ៕