(អាបូដាប៊ី)៖ កងកម្លាំងចំរុះអារ៉ាប់បានអះអាងថា មីស៊ីលបាលីស្ទីកមួយគ្រាប់ ដែលហោះសំដៅទៅរកតំបន់ ដារ៉ាន អាល់ ចាណាប់ (Dhahran al Janub) របស់ប្រទេសអារ៉ាប៊ីសាអូឌីត និង ២គ្រាប់ទៀតសំដៅទៅកាន់ទីក្រុង អាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅព្រឹកព្រហាមថ្ងៃចន្ទនេះ ត្រូវបានបាញ់ទម្លាក់ប្រកបដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន អាល់អារ៉ាប៊ីយ៉ា នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

មីស៊ីលបាលីស្ទីកទាំង ៣គ្រាប់ខាងលើនេះ ត្រូវបានបាញ់ចេញដោយក្រុមឧទ្ទាម ហ៊ូធី (Houthi) នៅប្រទេសយ៉េមែន ហើយក្រោយពីពួកវាត្រូវបានបាញ់ទម្លាក់ ប្រកបដោយជោគជ័យនោះ ពុំមានមនុស្សណាម្នាក់ត្រូវបានគេរាយការណ៍ថា បានរងគ្រោះថ្នាក់នោះឡើយ។ កម្លាំងចំរុះអារ៉ាប់បានអះអាងថា មីស៊ីលទាំង ៣គ្រាប់នេះ ត្រូវបានបាញ់ចេញពីតំបន់ អាល់ ចហ្វ (Al-Jawf) នៃប្រទេសយ៉េមែន ហើយខ្លួនក៏បានបាញ់កម្ទេច ជើងទម្របាញ់មីស៊ីលបាលីស្ទីក នៅក្នុងតំបន់នោះរួចទៅហើយដែរ។

គួរបញ្ជាក់ថា សម្រាប់ការបាញ់មីស៊ីលបាលីស្ទីក ដោយក្រុមហ៊ុន Houthi សំដៅទៅទីក្រុង Abu Dhabi ខាងលើនេះ បានកើតមានឡើងមិនដល់ មួយសប្តាហ៍នោះឡើយ បន្ទាប់ពីការវាយប្រហារដ៏ប្រល័យ ដែលត្រូវបានប្រព្រឹត្តដោយ ក្រុមឧទ្ទាមដដែលនេះ ទៅលើទីក្រុង Abu Dhabi។ ការវាយប្រហារដោយ យន្តហោះដ្រូន, មីស៊ីលគ្រូស និងមីស៊ីលបាលីស្ទីក ទៅលើទីក្រុង Abu Dhabi កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់៕